(សៀមរាប)៖ នៅថ្ងៃទី៩ ខែកក្កដា នេះ អាជ្ញាធរសង្កាត់សំបួរ ក្រុងសៀមរាប បានរៀបចំទីតាំងបរិវេណសាលាបឋមសិក្សាសំបួរ ជាទីតាំងសម្រាប់ត្រៀមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងក្រុងសៀមរាប។

លោក ឈ្លឿម ឡា ចៅសង្កាត់សំបូរ បានប្រាប់អ្នកសារព័ត៌មាន Fresh News ថា ការចាក់វ៉ាក់សាំង នៅសង្កាត់សំបូរមានតែមួយកន្លែងប៉ុណ្ណោះ គឺនៅសាលាបឋមសិក្សាសំបូរ។ ទីតាំងចាក់មាន ២បន្ទប់ និងមានគ្រូពេទ្យ ៤នាក់ ហើយមានបន្ទប់រង់ចាំ ២បន្ទប់ទៀត បន្ទាប់ពីគាត់ចាក់វ៉ាក់សាំងរួច ឱ្យគាត់សម្រាក៣០នាទី។

ចំណែកឯនៅក្នុងបរិវេណសាលាសង្កាត់ បានរៀបចំរោង និងដាក់តុ ដើម្បីឱ្យប្រជាពលរដ្ឋបំពេញឯកសារ ហើយក៏មានក្រុមយុវជនសង្កាត់ជួយសម្របសម្រួលផងដែរ។

តាមការបញ្ជាក់ពីលោកចៅសង្កាត់ បានឱ្យដឹងទៀតថា សង្កាត់សំបួរមានប្រជាពលរដ្ធជាង ៧ពាន់នាក់ ហើយអ្នកគ្រប់អាយុចាក់វ៉ាក់សាំង មានជាង ៥ពាន់នាក់។ លោកចៅសង្កាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមកទទួលការចាក់វ៉ាក់សាំងគ្រប់ៗគ្នា និងត្រូវគោរពតាមវិធានការ រក្សាសណ្ដាប់ធ្នាប់ឱ្យបានគ្រប់ៗគ្នានៅក្នុងមណ្ឌលផងដែ។

គួរបញ្ជាក់ផងដែរថា សង្កាត់សំបួរចាប់តាំងពីផ្ទុះព្រឹត្តិការណ៍២០គុម្ភ:មក មានអ្នកឆ្លងជំងឺកូវីដ១៩ សរុចំនួន ៨នាក់៕