(ភ្នំពេញ)៖ រថយន្តដឹកដែកធុនធ្ងន់ មួយគ្រឿងរបស់យាយ លឹម បានក្រឡាប់ផ្ងារជើងកណ្តាលផ្លូវ ដោយសារការបើកបរ ខ្វះការប្រុងប្រយត័្ន នៅវេលាម៉ោង១៖២០នាទី រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវជាតិលេខ១ បត់ចូលទៅផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ នេះមិនបណ្តាល ឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែចាក់ចោលរមូលដែកសន្លឹកសម្រាប់ផលិតចេញជាស័ង្កសី បណ្តាលឲ្យកកស្ទះចរាចរណ៍ កណ្តាលថ្ងៃ។

ករណីនេះកើតឡើងដោយសារកំហុសបច្ចេកទេស របស់អ្នកបើកបរបណ្តាលឲ្យ រមូលដែក រេទៅបុកជញ្ជាំង ហើយទាញរថយន្តក្រឡាប់តែម្តង។ រមូលដែកទាំងអស់មានចំនួន៧ដុំ ទម្ងង់ជាង២០តោន។យ៉ាងណាក៏ដោយគ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់​ ដល់អ្នកដំណើរណាម្នាក់នោះឡើយ៕