(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូដល់១,៦២៥ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៩នាក់ជាករណីឆ្លងនាំចូលពីក្រៅប្រទេស និង១,៦១៦នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ ហើយទីក្រុងហូជីមិញតែឯងរាប់រងចំនួន ១,២២៩ករណី។

គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏មើលឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន ០៥នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃសុក្រនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២៦,០១០នាក់ ក្នុងនោះស្លាប់១១០នាក់ និងជាសះស្បើយ ៨,៩៨៤៕