(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ទោះបីប្រទេសកម្ពុជាបានជួបប្រទះនឹងជំងឺកូវីដ១៩ តែវិស័យអចលនទ្រព្យកម្ពុជា នឹងអាចនៅតែបន្តភាពរឹងមាំបានដដែល បើសិនណាវិស័យធនាគារនៅតែងអាចបន្តផ្តល់ប្រាក់កម្ចីបាន ខណៈដែលបច្ចុប្បន្ននេះមានគម្រោងសាងសង់ធំៗមួយចំនួនគឺនៅតែបន្តអភិវឌ្ឍន៍ធម្មតា។

លោក ច្រឹក សុខនីម បានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពី «វិស័យអចលនទ្រព្យ និងសំណង់ក្នុងបរិការណ៍ដែលហុំព័ទ្ធដោយជំងឺកូវីដ១៩» តាមរយៈZoom និងដោយមានការចូលរួមពីវាគ្មិន លោកបណ្ឌិត តាន់មុនីវណ្ណ ទីប្រឹក្សាសមាគមអភិវឌ្ឍន៍ លំនៅស្ថានកម្ពុជា, លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

លោក ច្រឹក សុខនីម បានបន្ថែមថា សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២១នេះមានការធ្លាក់ចុះ តែក៏ជាឱកាសមួយដល់អ្នកវិនិយោគិនក្នុងការដើរទិញអចនទ្រព្យទុក ព្រោះពេលនេះគឺអាចទិញបានក្នុងតម្លៃធូរថ្លៃ ហើយបន្ទាប់ពីស្ថានភាពបានប្រើសើរវិញនោះ នឹងអាចលក់ចេញក្នុងតម្លៃខ្ពស់ផងដែរ។ លោកថាទោះបីជា ប្រទេសកម្ពុជាបានប្រឈមនឹងជំងឺកូវីដ១៩ តែគម្រោងសាងសង់ធំៗ គឺនៅតែបន្តអភិវឌ្ឍន៍ធម្មតា។

លោកបានបន្តថា បើតាមការសិក្សាទៅលើវិស័យអចលនទ្រព្យនៅលើប្រទេសជឿនលឿន ភាគច្រើន១០ឆ្នាំម្តងនឹងរងនូវផលប៉ះពាល់ម្តង ដូចនេះហើយពេលដែលរងផលប៉ះពាល់នេះហើយ គឺជាឱកាសសម្រាប់អ្នកមានលទ្ធភាពបានដើរទិញទុក ហើយនៅពេលដែលបានធូរស្បើយ ជាឱកាសដែលគេលក់ចេញដើម្បីទទួលបានផលចំណេញ ដែលនេះគឺជាឱកាសមួយនៅក្នុងបញ្ហាផងដែរ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងដែរថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅដើមឆ្នាំ២០២១នេះ គឺមានការកើនឡើងច្រើនជាងឆ្នាំ២០២០ ខណៈដែល ឆ្នាំ២០២០ ប្រទេសកម្ពុជាបានជួបនឹងវិបត្តិ EBA ដែលបានធ្វើឱ្យអារម្មណ៍របស់អ្នកប្រើប្រាស់ទទួលរងសំពាធនៃ EBAនេះ និងទី២គឺបញ្ហាកង្វះនៃវត្ថុធាតុដើមពីប្រទេសចិន សម្រាប់ផ្គត់ផ្គង់លើវិស័យកាត់ដេរ ដោយសារប្រទេសចិនផ្ទុះឡើងនៃជំងឺកូវីដ១៩។

លោកបានបន្ថែមថា សម្រាប់ឆ្នាំ២០២១នេះ ពិភពលោកគឺបានរៀនរស់នៅជាមួយនឹងជំងឺកូវីដ១៩ ក្នុងនោះប្រទេសកម្ពុជា ក៏បានរៀនរស់នៅជាមួយជំងឺកូវីដ១៩ដូចគ្នា ដោយរដ្ឋាភិបាលបានបើកឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពសេដ្ឋកិច្ចឡើងវិញ ដោយឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពសេដ្ឋកិច្ច និងរស់នៅតាមវិធានការអនាម័យរបស់រាជរដ្ឋាភិបាលដែលបានណែនាំនេះ ទើបអាចជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាអាចរីកចំរើនឡើងវិញបាន៕