(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានកុំឱ្យមានការលក់ឧបករណ៍តេស្តរហ័ស ដែលរាជរដ្ឋាភិបាលបានបែងចែកទៅតាមខេត្ត និងបណ្តាអង្គភាពនានា។

សម្តេចតេជោ ហ៊ុន សែន បានព្រមានបែបនេះក្នុងពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្នុងកិច្ចប្រជុំនេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការបែងចែកឧបករណ៍តេស្តរហ័សទៅតាមបណ្តាខេត្ត ក៏ដូចជាក្រសួងការពារជាតិ ដើម្បីប្រើប្រាស់តាមអង្គភាពនានាក្នុងការស្វែងរកមេរោគកូវីដ១៩ មុនដំណើរការកម្មវិធីផ្សេងៗ។

សម្តេចតេជោ បានបង្ហាញពីការប្រើប្រាស់ និងការបញ្ជាទិញបន្ថែមនូវឧបករណ៍តេស្តរហ័ស។ បើតាមសម្តេចតេជោ ហ៊ុន សែន រហូតមកដល់ពេលនេះឧបករណ៍ តេស្តរហ័សប្រមាណ ១លានត្រូវបានប្រើប្រាស់អស់ ហើយនៅយប់មិញឧបករណ៍តេស្តរហ័សនេះប្រមាណ១លាន ត្រូវបានទិញចូលស្តុក ដោយប្រើថវិកាជាតិ។ សម្តេចតេជោ ក៏បានណែនាំឱ្យប្រើប្រាស់ថវិការបស់សប្បុរសជន ដើម្បីទិញឧបករណ៍តេស្តរហ័សនេះ១លានបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឧបករណ៍តេស្តរហ័សចន្លោះពី ៤ ទៅ ៥លានសម្រាប់ ដែលកម្ពុជា បានប្រើ កំពុងប្រើ និងទិញមកបន្ថែម។

ដោយសារតែថវិកាជាតិមានកម្រិតនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅតាមបណ្តាក្រសួងនានា ដែលមានលទ្ធភាព សូមឱ្យទិញឧបករណ៍តេស្តរហ័សនេះប្រើប្រាស់ផ្ទាល់ខ្លួន។

បើទោះបីជាយ៉ាងណាសម្តេចបានក្រើនរំលឹកទៅដល់បណ្តាអង្គភាព និងបណ្តាខេត្ត ដែលទទួលបានឧបករណ៍តេស្តរហ័សនេះ មិនត្រូវឱ្យបែកធ្លាយលើទីផ្សារនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «កុំឱ្យហៀរចូលទៅក្នុងទីផ្សារឱ្យសោះនូវអ្វីដែលជារបស់យើងទទួលបាន។ វាជាការមិនត្រឹមត្រូវទេប្រសិនបើឱ្យរបូតទៅលើទីផ្សារលក់ដូរណាមួយនោះ»

សូមបញ្ជាក់ថា ឧបករណ៍តេស្តរហ័ស ជាមធ្យោបាយមួយដែលរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យមានការប្រើប្រាស់ ដើម្បីស្វែងរកមេរោគកូវីដ១៩។ បច្ចុប្បន្ននៅតាមក្រសួងស្ថាប័ននានា ក៏ត្រូវបានប្រើក្នុងធ្វើតេស្តទៅលើអ្នកចូលរួមក្នុងកម្មវិធីផ្សេងៗផងដែរ ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩៕