(​សេ​អ៊ូ​ល​)៖ ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង បានប្រកាស​មុននេះ​បន្តិច​ថា គ្រាប់​មី​ស៊ី​ល​ដែល​កូរ៉េខាងជើង បាន​បាញ់ និង​ធ្លាក់ចូល​ដែនសមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស មាន​ចំនួន ប្រាំ​គ្រាប់ និង​ជា​ប្រភេទ​រយៈ​ចម្ងាយ​ជិត ២០០​គីឡូម៉ែត្រ​។ នេះ​បើ​តាម​ការផ្សាយ​របស់​ស៊ិន​ហួរ នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែ​មីនា ឆ្នាំ​២០១៦​។​

​ការបាញ់​របស់​កូរ៉េខាងជើង​ខាងលើនេះ ប្រព្រឹត្ត​ទៅ​រយៈពេល ២២​នាទី រហូតដល់​ម៉ោង ៣៖៤១​នាទី​រសៀល ម៉ោង​នៅ​ទីក្រុង​សេ​អ៊ូ​ល​។ គ្រាប់​មី​ស៊ី​ល​នេះ ត្រូវ​បាន​បាញ់​បង្ហោះ​ដោយ​ប្រើប្រាស់​ជើង​ទម្រ​បាញ់​ប្រភេទ ៣០០ មី​លី​ម៉ែត្រ ហើយ​វា​បាន​កើតឡើង​បន្ទាប់ពី​ការបាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល Rodong ពីរ​គ្រាប់​កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន ដែល​បាន​ធ្លាក់​ចូល​ដែនទឹក​ភាគ​ខាងកើត​ប្រទេស​នេះ​ដូចគ្នា​៕