(ភ្នំពេញ)៖ លោក ផែង វណ្ណៈ ដែលគេដឹងថា ជាតារា Facebook ម្នាក់លើការរិះគន់ និងវាយប្រហារ គណបក្សប្រឆាំងនោះ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ បានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញម្តងទៀត តបតាមពាក្យបណ្តឹងរបស់លោកស្រី កែវ ម៉ាលី សមាជិកព្រឹទ្ធសភា ដែលបានប្តឹងលោកពីបទ «បរិហារករ្តិ៍»។

លោក ផែង វណ្ណៈ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះថា «នៅរសៀលថ្ងៃនេះ ខ្ញុំឡើងតុលាការសារជាថ្មីតាមពាក្យបណ្តឹង របស់លោកជំទាវ កែវ ម៉ាលី ដែលបានប្តឹងខ្ញុំ ពីបទបរិហារកេរ្តិ៍ តាមរយៈការផ្សាយបន្តពីលោក ព្រំ សាន ជុំវិញរឿងរ៉ាវទំនាក់ទំនងស្នេហារ វាងលោកជំទាវ និងលោកឧត្តមសេនីយ៍ សៀក សុជាតិ»។

សម្រាប់លោក ផែង វណ្ណៈ នៅតែអះអាងថា លោកមិនបានធ្វើអ្វីខុសនោះទេ ហើយលោកស្រី កែវ ម៉ាលី ក៏បានប្តឹងលោកម្តងរួចមកហើយ ប៉ុន្តែត្រូវបានតុលាការសម្រេចឲ្យកាត់របៀប ស្រាប់តែពេលនេះគាត់ប្តឹងម្តងទៀត។

យ៉ាងណាក៏ដោយ អ្នកប្រើបណ្តាញសង្គមដ៏ល្បីឈ្មោះរូបនេះ មានជំនឿថា តុលាការនឹងសម្រេចប្រកបដោយសុភវិនិច្ឆ័យ ផ្តល់យុតិ្តធម៌ជូនលោកជាក់ជាតិមិនខានឡើយ។ ជុំរឿងបណ្តឹងខាងលើនេះអង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយបាននៅឡើយទេ ពីលោកស្រី កែវ ម៉ាលី ពីព្រោះគ្មានលេខទាក់ទង៕