(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាធ្វើការកែទម្រង់លើគ្រប់វិស័យទាំងអស់ និងកាន់តេស៊ីជម្រៅ ជារៀងដរាប គ្មានថ្ងៃស្កប់ស្កល់ឡើយ ហើយការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនធ្វើតាមបញ្ជារបស់អ្នកណានោះទេ គឺកើតចេញពីឆន្ទៈយ៉ាង មោះមុតឥតរាថយ។

ការថ្លែងបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៣ និង កិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ។  

ក្នុងឱកាសនោះ សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តការកែទម្រង់លើគ្រប់វិស័យ និង កាន់តែស៊ីជម្រៅ មិនមែនជាការធ្វើតាមការបង្គាប់បញ្ជា របស់អ្នកណានោះទេ កិច្ចការកែទម្រង់ទាំងអស់ ដោយឈរលើហេតុផល និងដោយភាពជាម្ចាស់ និងវីរៈភាព, ទម្រង់ដំណើរវិវត្តន៍នៃសង្គម, សេដ្ឋកិច្ច និង នយោបាយក្របខ័ណ្ឌពិភពលោក។

សម្តេចតេជោ បានថ្លែងទៀតថា សម្តេចធ្លាប់រំឮកជារឿយៗថា ទង្វើ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្នុងរយៈកាលកន្លងទៅ បានបង្ហាញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលពិតជាមាន ឆន្ទៈយ៉ាងមោះមុតឥតរាថយ ប្រកបដោយភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា «យ៉ាងណាក៏ដោយ ខ្ញុំនៅតែចង់គូសបញ្ជាក់ម្តង ហើយម្តងទៀតថា ការកែទម្រង់របស់យើង កើតចេញមកពីការយល់ឃើញ ដ៏ត្រឹមត្រូវរបស់យើងដោយខ្លួនឯង មានន័យថា យើងបានដាក់ចេញ និងជំរុញអនុវត្ត វិចារណភាពច្បាស់លាស់ ព្រមទាំងប្រកបហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ, ហើយធ្វើជាជំហ៊ានៗ និងជាដំណាក់កាល ទៅតាមលទ្ធភាព និងសមត្ថភាពជាក់ស្តែងរបស់យើង។ ដូច្នេះ ដរាបណាយើងនៅតែយល់ឃើញថា «ការកែគឺជាការងារស្លាប់-រស់របស់កម្ពុជា» ដរាបនោះយើង ពិតជាគ្មានថ្ងៃស្កប់ស្កល់ នឹងកិច្ចការនេះទេ»

សម្តេចបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តចាត់ទុកថា ការកែទម្រង់ គឺជាការងារប្រចាំថ្ងៃ ដែលត្រូវបន្តកែលម្អ ពង្រឹង ធើ្វឱ្យកាន់តែស៊ីជម្រៅ បងើ្កននិងពង្រីកសមត្ថភាព និងលទ្ធភាព សំដៅប្រើប្រាស់ឱ្យបានកាន់តែប្រសើរបំផុត នូវសក្តានុពល និងកាលានុវត្តភាពទាំងឡាយ ដែលមានក្នុងគោលដៅតាមឱ្យទាន់សភាពការណ៍ និងទាំងនៅក្នុងក្របខ័ណ្ឌប្រទេស ក្របខ័ណ្ឌតំបន់។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជឿជាក់យ៉ាងមុតមាំ លើការចូលរួមប្រកបដោយឆន្ទៈមុតស្រួចឥតងាករេ ព្រមជាមួយនឹងសម្បជញ្ញៈ នៃភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ ចំពោះការងារកែទម្រង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ក្នុងគ្រប់ក្រសួង-ស្ថាប័នជាតិទាំអស់ ដោយសម្តេចរំពឹងទុកជាមុនថា ដំណាក់កាលទី៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ  របស់រាជរដ្ឋាភិបាលកម្ពុជា ប្រាកដជានឹងដំណើរការទៅមុខ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយសម្រេចបានជោគជ័យពេញលេញ៕

ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «កម...

Fresh News TV: សូមទស្សនា និងស្ដាប់ប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តដំណាក់កាលទី៣ និងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ។

Posted by Fresh News on Monday, March 21, 2016