(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅចូលរួម ប្រជុំកំពូលមេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា (Sanya) និងចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅទីក្រុងបូអាវ (Bo Ao) នៅខេត្ត ហៃណាន ប្រទេសចិន រយៈពេល៣ថ្ងៃ។

នៅលើបណ្តាញសង្គម Facebook សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា «នាឱកាសនោះ ខ្ញុំព្រះករុណា ទន្ទឹមនិងនោះ ខ្ញុំនឹងជួបប្រជុំទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីចិន Li Keqiang ផងដែរ»

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន បានអមដោយគណៈប្រតិភូរួមមាន លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសមាជិករាជរដ្ឋាភិបាលជានាក់ទៀត។

ក្រសួងការបរទេស បានបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី១នេះ សម្តេចតេជោ ហ៊ុន សែន និងថ្លែងសន្ទរកថា ក្រោមមូលបទ «ការចែករំលែកទន្លេ-ការចែករំលែកអនាគត» នឹងរួមជាមួយប្រមុខរដ្ឋាភិបាល បណ្តាប្រទេសមេគង្គ និងចិន អនុម័តនូវឯកសារចំនួន៣រួមមាន៖

១-សេចក្តីថ្លែងការណ៍ទីក្រុងសានយ៉ា នៃកិច្ចប្រជុំកំពូល សហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១។

២-សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតកម្ម នៃបណ្តាប្រទេសមេគង្គ-ឡានឆាង។

៣-គម្រោងឆាប់ទទួលបានផលភ្លាមៗ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។

នៅថ្ងៃទី២៤ ខែមីនា សម្តេចតេជោ ហ៊ុន សែន និងថ្លែងសន្ទរកថា នៅក្នុងពិធីបើកវេទិកាពេញអង្គ របស់សន្និសីទប្រចាំឆ្នាំ២០១៦ នៃវេទិកាបូអាវសម្រាប់អាស៊ីក្រោមមូលបទ «អនាគតថ្មីរបស់អាស៊ី»៖ កម្លាំងចលកថ្មី ចក្ខុវិស័យថ្មី។

ក្រសួងការបរទេស ក៏បានឱ្យដឹងទៀតថា ក្រៅពីគ្រោងជួបពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីចិន លី ខឺឈាង ក្នុងទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅប្រទេសចិននោះ សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងនឹងជួបឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាំរកា ឌីដ្វូរកូវីច ផងដែរ៕