(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង អញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានជម្រាបលោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងសមាជិក សមាជិកា អំពីអត្ថប្រយោជន៍ធំៗមួយចំនួន ដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន។ បើតាមលោករដ្ឋមន្ត្រី អត្ថប្រយោជន៍ដែលកម្ពុជាទទួលបាននោះរួមមាន៖

១៖ ការទទួលបានការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ។
២៖ ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាល ជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯងឱ្យរឹងមាំក្នុងវិស័យសេវាកម្មនាពេលអនាគត។
៣៖ ផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជាបានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន។
៤៖ ការទទួលបានផលប្រយោជន៍ពីការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ហើយក៏ជាកត្តាដ៏សំខាន់ចូលរួមពង្រឹងដល់វិស័យផលិតកម្មក្នុងស្រុក។
៥៖ ការកំណត់ឱ្យកាន់តែច្បាស់នូវរាល់នីតិវិធីទាក់ទងនឹងវិធានដើមកំណើតទំនិញ គយ និងសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសលើការធ្វើពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម។
៦៖ ការរៀបចំ និងការបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេសជាដើម។

លោករដ្ឋមន្ត្រី ក៏បានបានបញ្ជាក់ប្រធាន និងសមាជិកគណៈកម្មការជំនាញរបស់រដ្ឋសភាដែរថា ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ពិតជាបានចូលរួមអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ស្របតាមចំណុចទី៤ ស្តីពីការពង្រឹងសមត្ថភាពកម្ពុជា ដើម្បីបន្តសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ដែលបានកំណត់ក្រោមផ្នែកទី២.២.២ ស្តីពីបរិស្ថានគ្របដណ្តប់សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល។

ជាពិសេស ក្នុងកាលៈទេសៈវិបត្តិជំងឺឆ្លងកូវីដ-១៩នេះ កិច្ចព្រមព្រៀងនេះ ក៏នឹងជួយដល់យុទ្ធសាស្រ្តស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ដែលបានរងការញាំញីយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ព្រមទាំងជួយឱ្យមានភាពសាំនៃសង្គម-សេដ្ឋកិច្ចក្នុងប្រក្រតីភាពថ្មីនៃសង្គមកម្ពុជា តាមរយៈកំណើននៃការនាំចេញទៅទីផ្សារចិន និងលំហូរវិនិយោគចូលមកកម្ពុជា ដែលនឹងជួយបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋ។

ក្រោយស្តាប់ការបកស្រាយ និងពន្យល់ទៅ លោកស្រី និន សាផុន និងសមាជិកគណៈកម្មការទី៩នៃរដ្ឋសភា បានគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងបានសម្តែងការកោតសរសើរចំពោះក្រុមការងារចរចាដែលដឹកនាំដោយលោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានខិតខំប្រឹងប្រែងបញ្ចប់ការចរចានេះប្រកបដោយជោគជ័យស្របតាមអាណត្តិផ្តល់ជូនដោយប្រមុខរាជរដ្ឋាភិបាល៕