(ឧត្តរមានជ័យ)៖ ខេត្តឧត្តរមានជ័យ បានរកឃើញប្រធានមន្ទីរកសិកម្មថ្មីហើយ បន្ទាប់ពីតំណែងមួយនេះទុកឲ្យទំនេរចោលអស់រយៈ ពេលជាច្រើនខែ។ ប្រធានមន្ទីរកសិកម្មថ្មីលើទឹកសមរភូមិនាទសវត្សរ៍ឆ្នាំ៨០-៩០ នេះបានទៅលើលោក លោក សូត្រ ស៊ីសុខឃាង អតីតអនុប្រធានមន្ទីរកសិកម្មខេត្ត។

ពិធីតែងតាំងប្រធានកសិកម្មខេត្តឧត្តរមានជ័យត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ ក្រោមអធិបតីលោក លី ផល្លា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ។

គួរបញ្ជាក់ថា កៅអីប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានទុកចោលទំនេរជាច្រើនខែមកហើយ បន្ទាប់ពីប្រធានមន្ទីរចាស់ លោក យឿន ប៊ុនថា បានទទួលមរណភាពដោយរោគាពាធ។

ដើម្បីឲ្យការងារនៅក្នុងមន្ទីរដំណើរការដោយរលូននោះ ក្រសួងកសិកម្ម ដោយយោងតាមសំណើរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក៏ដូចជាប្រធានក្រុមការងារចុះជួយខេត្ត ក៏បានសម្រេចប្រកាសតែងតាំងលោក សូត្រ ស៊ីសុខឃាង អនុប្រធានមន្ទីរកសិកម្មខេត្តទៅជាប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មថ្មីបានប្តេជ្ញាសហការឲ្យបានល្អជាមួយមន្ត្រីរាជការក្នុងមន្ទីរ ក៏ដូចជាអង្គភាពនានា ជុំវិញខេត្ត ដើម្បីអនុវត្តន៍ការងារ ដែលខេត្ត និងក្រសួងប្រគល់ជូនអោយមានប្រសិទ្ធិភាពស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។

លោក លី ផល្លា និលោក ស ថាវី បានធ្វើការផ្តាំផ្ញើឲ្យប្រធានមន្ទីរកសិកម្ម ដែលប្រកាសចូលកាន់តំណែងថ្មីនេះ ត្រូវខិតខំធ្វើការ ពិ សេសត្រូវរួមសហការជាមួយមន្ត្រីក្រោមឱវាទ ត្រូវបែងចែកភារកិច្ចទៅតាមមុខនាទីរៀងៗខ្លួន ដើម្បីឲ្យការងារទទួលបានជោគជ័យ៕