(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ប្រធានបទ «ជាអាទិភាពនៃមូលនិធិការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ឆ្នាំ២០២១-២០២២ នៃក្រសួងអប់រំ យុវជន និងកីឡា»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា មូលនិធិការស្រាវជ្រាវគំនិតច្នៃប្រឌិត និងនវានុវត្តន៍ (Research Creativity and Innovation Fund) ជាគំនិតផ្តួចផ្តើមថ្មីមួយដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា។

គោលដៅចម្បង នៃមូលនិធិនេះ គឺរួមចំណែកលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញការធ្វើនវានុវត្ត ដើម្បីជាប្រយោជន៍ដល់វិស័យអប់រំ យុវជន និងកីឡា ដែលឆ្លើយតបទៅនឹងទីផ្សារ ពលកម្ម និងសាកលភាវូបនីយកម្ម។ នៅអំឡុងឆ្នាំ២០២០-២០២១ មូលនិធិ ស.គ.ន បានធ្វើអាទិភាវូបនីយកម្មលើការអនុវត្តថវិកា ដោយផ្តល់ការគាំទ្រទៅដល់ការរៀបរៀងនិពន្ធ និងកែលម្អសៀវភៅសិក្សា ដែលនឹងត្រូវប្រើប្រាស់នៅកម្រិតឧត្តមសិក្សា ក្នុងគោលបំណងបង្កើនបរិមាណ លើកកម្ពស់គុណភាព និងពង្រីកសមធម៌ នៃធនធានសិក្សាជាខេមរភាសាជូនដល់និស្សិតដែលកំពុងបន្តការសិក្សា និងត្រៀមខ្លួនធ្វើការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា។

ក្រសួងបានបន្តថា គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន១៩ ដែលបានដាក់ពាក្យស្នើសុំថវិកា នៃមូលនិធិ ស.គ.ន សម្រាប់ការរៀបរៀងកែលម្អ និងនិពន្ធសៀវភៅសិក្សាសរុប ចំនួន ១,០៨៨ចំណងជើង។

ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះគ្រឹះស្ថានឧត្តមសិក្សា និងបុគ្គលិកអប់រំដែលបានដាក់ពាក្យស្នើសុំថវិកាសម្រាប់រៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា ដែលជាផ្នែកមួយនៃការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា។ ជាគោលការណ៍ គឺគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវមានសៀវភៅសិក្សា ដែលប្រើជាគោលសម្រាប់មុខវិជ្ជានីមួយៗ។ ចំនួនសៀវភៅសិក្សាដែលគ្រប់គ្រាន់សម្រាប់ការស្រាវជ្រាវនិងការសិក្សារបស់និស្សិត ត្រូវមានយ៉ាងតិចមួយចំណងជើងក្នុងមួយមុខវិជ្ជា ហើយត្រូវតម្កល់យ៉ាងតិច០២ច្បាប់ នៅក្នុងបណ្ណាល័យ ឬអាចរកបានតាមប្រព័ន្ធអេឡិចត្រូនិក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា