(ភ្នំពេញ)៖ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដី ការបរទេស និង សហ ប្រតិបត្តិ ការ អន្តរ ជាតិ នៃកម្ពុជា និងលោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ភាគីទាំងពីរបានជជែកអំពីបញ្ហាដែលកំពុងកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា។ ករណីនេះ កម្ពុជាបានប្រាប់អូស្រ្តាលីថា កម្ពុជាត្រៀមធ្វើការជាមួយសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត ដើម្បីគាំទ្រការវិលត្រឡប់រកមាគ៌ាប្រក្រតី និងការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសអំពីលទ្ធផលនៃកិច្ចសន្ទនារវាងប្រមុខការទូតកម្ពុជា បានឱ្យដឹងថា ចំពោះបញ្ហាប្រទេសមីយ៉ាន់ម៉ា ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ក្នុងការធ្វើការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត ដើម្បីគាំទ្រដល់ការវិលត្រឡប់ទៅរកមាគ៌ានៃប្រក្រតីភាព និងការផ្លាស់ប្តូរតាមរយៈប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា។

លោកឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់អំពីការកោតសរសើររបស់កម្ពុជា ចំពោះជំហាននានាដែលប្រទេសព្រុយណេ ក្នុងនាមប្រធានអាស៊ាន នាពេលបច្ចុប្បន្ន កំពុងអនុវត្តតាមការឯកភាពគ្នាជាឯកចន្ឆប្រាំចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។ លោកក៏បានបង្ហាញនូវទំនុកចិត្ត លើកម្លាំងនៃភាពចម្រុះរបស់អាស៊ាន ដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយប្រកបដោយសន្តិវិធី តាមរយៈមាគ៌ាអាស៊ាន ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ា និងការកសាងសហគមន៍ អាស៊ាន។

គួរបញ្ជាក់ថា ពាក់ព័ន្ធស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា បណ្តាថ្នាក់ដឹកនាំអាស៊ាន បានឈានដល់ការមូលមតិគ្នាចំនួន៥ចំណុច កំលុងកិច្ចប្រជុំកំពូលពិសេស កាលពីខែមេសាកន្លងទៅ រួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕