(ភ្នំពេញ)៖ មន្រ្តីយោធាកងវិស្វកម្ម២នាក់ បានរងរបួសធ្ងន់ និងបុរសអ្នកបើករថយន្តម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅវេលាម៉ោងជាង ៩ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចអង្គភាពកងវិស្វកម្ម ក្រសួងការពារជាតិ  ស្ថិតក្នុងក្រុមទី២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

មូលហេតុដែលនាំឲ្យមានហេតុការណ៍ខាងលើនេះ គឺផ្តើមចេញពីជនរងគ្រោះដែលស្លាប់ បានយកកង់រថយន្តទៅឲ្យមន្រ្តីយោធា ផ្សារយ៉ាន់ ប៉ុន្តែនៅពេលផ្សារនោះ ជនរងគ្រោះទាំង២នាក់ មិនបានបន្ធូរកង់ បណ្តាលឲ្យផ្ទុះ បង្កជាគ្រោះថ្នាក់បែបនេះតែម្តងទៅ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ លី ប៊ុនហ៊ាង អាយុ៤៧ឆ្នាំ មុខរបរបើករបររថយន្ត ស្លាប់ ទី២ ឈ្មោះ ភឹម សូ អាយុ៤០ឆ្នាំ មុខរបរយោធាអង្គភាពវិស្វកម្ម (ជាង) របួសធ្ងន់ និងទី៣ ឈ្មោះ សេត ឌីណា  អាយុ៤៣ឆ្នាំ  មុខរបរយោធាអង្គភាពកងវិស្វកម្ម (ជាង) របួសធ្ងន់។ ក្រោយកើតហេតុ ជនរងគ្រោះទាំង៣បញ្ជូនទៅមន្ទីរពទ្យយោធា១៧៩។

បច្ចុប្បន្នកំលាំងយើងកំពុងសហការណ៍ជាមួយការិយាល័យ បច្ចេកទេសកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕