(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការអនុវត្តគម្រោងសាងសង់ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងស្ទឹងសែន នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពង់ធំ។

លោក សុខ លូ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដល់ខេត្តកំពង់ធំ។ គម្រោងនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលជាប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយចំណាយថវិកាសរុបជាង ១២លានដុល្លារ ក្នុងនោះបានប្រើប្រាស់ប្រព័ន្ធលូជាង ២២គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាច្រើន។

លោកអភិបាលខេត្តបានសំណូមពរក្រុមហ៊ុនសាងសង់ឱ្យពន្លឿនការសាងសង់ ព្រោះថាបើគ្មានប្រព័ន្ធលូរំដោះទឹកទេក្រុងស្ទឹងសែន និងមានការលិចដោយសារទឹកភ្លៀង ប្រសិនជួបបញ្ហាក្នុងការសាងសង់ត្រូវជម្រាបមកអាជ្ញាធរ ដើម្បីឱ្យអាជ្ញាបានដឹង និងជួយដោះស្រាយ។

លោក សុខ លូ ក៏បានដាស់តឿនទៅដល់មន្ត្រីត្រូវត្រួតពិនិត្យគ្រប់ជ្រុងជ្រោយនូវសំណង់ទាំងឡាយណាដែលបានសាងសង់ ជាពិសេសការចាក់ដីការសាងសង់ផ្ទះ ការធ្វើរបងជាដើម ដែលមានការរំលោភបំពានទៅលើចំណីផ្លូវចាក់ដីខ្ពស់ជាងផ្លូវ នឹងធ្វើឱ្យមានការកក់ស្ទះដោយគ្មានប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត និងកាបអុបទិកជាដើម។

ទន្ទឹមនឹងនេះ លោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការចូលរួមការសាងសង់ ព្រោះថាដំណើរការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ឬទឹកកខ្វក់នេះ គឺធ្វើទៅលើចំណីផ្លូវមុខផ្ទះរបស់ប្រជាពលរដ្ឋ។ ការដោះស្រាយផលប៉ះពាល់ទាល់តែមានការចូលរួមពីប្រជាពលរដ្ឋ ទើបក្រុមហ៊ុនសាងសង់អាចពន្លឿនដំណើររបស់ខ្លួនបានដោយរលូន។

អភិបាលខេត្តកំពង់ធំរូបនេះ បានគូសបញ្ជាក់ថា «ដើម្បីឱ្យការងារទាំងអស់នេះ កាន់តែមានប្រសិទ្ធភាព សូមប្រជាពលរដ្ឋទាំងអស់ បន្តគោរពច្បាប់ដោយស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសចៅសង្កាត់គ្រប់រូប មេត្តាជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ លើការថែរក្សាប្រព័ន្ធរំដោះទឹក និងទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវទាំងនៅក្នុងផ្ទះ កន្លែងសាធារណៈជាដើម»

លោក ជូ កុល្លា ប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឱ្យដឹងថា ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានចំនួន២រួមមាន៖

ទី១៖ ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពច្រោះប្រមាណ ២.៥០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ការសាងសង់បំពង់លូទឹកស្អុយប្រវែងប្រមាណ៣៩,២គីឡូម៉ែត និងបណ្តាញលូបង្ហូរទឹកប្រវែងប្រមាណ ១៧.១គីឡូម៉ែត។

ក្រោយពីបានទទួលការយល់ព្រមពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចសន្យា ដើម្បីសាងសង់អនុគម្រោងខាងលើ ជាមួយក្រុមហ៊ុនសាងសង់ China First metallurgical Group Ltd. ក្នុងតម្លៃទឹកប្រាក់ចំនួន ១២,៧៦២,០០០ដុល្លារ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។

ទី២៖ ការសាងសង់ទីលានចាក់សំរាម ដែលមានសមត្ថភាពផ្ទុកបរិមាណបានចំនួន ៤៨.០០០ម៉ែត្រគូប និងការបំពាក់នូវរថយន្តប្រមូលសំរាម និងទុកដាក់កាក់សំណល់។

លោកឱ្យដឹងថា គម្រោងសាងសង់មានរយៈពេល៣ឆ្នាំ ដោយអនុវត្តចាប់ពីខែកក្កដា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៣ខាងមុន។

លោកបានបញ្ជាក់ថាដោយឡែកក្រុងស្ទឹងសែន បានជ្រើសរើសប្រព័ន្ធរំដោះទឹកពីរ គឺប្រព័ន្ធញែកដោយប្រើប្រើប្រាស់លូរំដោះទឹកភ្លៀងផ្សេងប្រព័ន្ធរំដោះទឹកស្អុយផ្សេង ដូច្នេះ សូមឱ្យប្រជាពលរដ្ឋជួយថែរក្សាប្រព័ន្ធរំដោះទឹកនេះ៕