(​អ៊ី​ស្តង់​ប៊ុល​)៖ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​តួ​ក​គី លោក Efkan Ala បាន​ថ្លែងឲ្យដឹងថា បុរស​ដែល​បំផ្ទុះ​គ្រាប់បែក​ធ្វើ​អត្តឃាត​នោះ​គឺមាន​ទំនាក់ទំនង​ជាមួយនឹង​ក្រុម​ឧទ្ទាម ISIS ហើយ​ការ​បំផ្ទុះ​នេះ​គឺ​ត្រូវ​ធ្វើឡើង​តាម​បញ្ជា​របស់​មេដឹកនាំ​ក្រុម ISIS នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន RT ទើបតែ​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា​នេះ​។​

​លោក Efkan Ala បានបញ្ជាក់​ថា តាម​ការពិនិត្យ DNA របស់​ជន​បំផ្ទុះ​គ្រាប់បែក បាន​រកឃើញថា ជន​បង្ក​មាន​ឈ្មោះ Mehmet Öztürk កើត​នៅ​ឆ្នាំ​១៩៩២ រស់​នៅ​ភាគខាងត្បូង​ទីក្រុង Gaziantep ប្រទេស​តួ​ក​គី​។ ភេរ​វករ​រូបនេះ មិន​ធ្លាប់​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឡើយ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​បាត់​ដំណឹង​របស់​គេ​សូន្យ​សឹង ហើយ​ក្រោយពី​ការស៊ើបអង្កេត​បាន​រក​ឃើញថា Öztürk បាន​ចូលរួម​ជាមួយ​ក្រុម ISIS​។ ពាក់ព័ន្ធ​ករណី​បំផ្ទុះ​គ្រាប់បែក​នេះ​ផង​ដែរ មាន​មនុស្ស ៥​នាក់​ត្រូវបាន​ចាប់ខ្លួន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា​កន្លងទៅនេះ មាន​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​បាន​កើតឡើង​នៅលើ​ផ្លូវ Istiklal ដែល​ជា​ទីប្រជុំជន​មួយ​ស្ថិត​នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី បណ្ដាលឲ្យ​មនុស្ស ៤​នាក់​ស្លាប់ និង​របួស​ជិត ៣០​នាក់​៕​