(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានបន្តរិះគន់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដោយលើកឡើងថា អ្នកនយោបាយរូបនេះ គួរតែលាលែងពីអាជីពនយោបាយ ហើយសុំទោសអ្នកគាំទ្រ ក្រោយពីបែកធ្លាយរឿងអាស្រូវស្នេហា យ៉ាងច្រើនដល់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម។

លោក សួន សេរីរដ្ឋា បានលើកឡើងបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន ខណៈដែលលោក បានទៅដាក់ពាក្យប្តឹងជំទាស់សេចក្តីសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ ជុំវិញសំណុំរឿង លោក ជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ (សូមស្តាប់សម្លេងនៅខាងក្រោម)

លោក សួន សេរីរដ្ឋា បាននិយាយថា «បើនិយាយអំពីក្រមសីលធម៌អ្នកនយោបាយ លោក កឹម សុខា មិនគួរបន្តអាជីពជាអ្នកនយោបាយទៀតទេ គាត់ត្រូវលាលែងពីនយោបាយ ហើយសុំទោសអ្នកគាំទ្រជាសាធារណៈទៅ ពីព្រោះអ្នកនយោបាយ គឺជាម៉ូដែល ជាគំរូរបស់សង្គម គាត់ធ្វើនយោបាយដើម្បីត្រៀម ឱ្យពលរដ្ឋបោះឆ្នោតគាំទ្រគាត់ដើម្បីក្លាយជាអ្នកដឹកនាំ ប៉ុន្តែឱ្យគាត់ដឹកនាំយ៉ាងម៉េច បើគាត់មានស្រីញីរាប់មិនអស់ ហើយយកលុយអ្នកគាំទ្រ មកដើរទិញទ្រព្យសម្បត្តិ ដី ឡាន ឱ្យស្រីកំណាន់របស់ខ្លួន»។

គិតរហូតមកដល់ពេលនេះ ខ្សែអាត់សំឡេងសាសងស្នេហាដែលគេជឿថា របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជាមួយនារីក្មេងទំនងជាស្រីកំណាន់ នៅតែបន្តបែកធ្លាយជាបន្តបន្ទាប់ នៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម Facebook ជាពិសេស Facebook ដែលមានឈ្មោះថា «រឿងពិត CNRP»។

លោក កឹម សុខា និងមន្រ្តីគណបក្សសង្រ្គោះជាតិ ពុំបានបកស្រាយអំពីរឿងនេះនោះទេ ដោយអះអាងថា នឹងប្រកាន់ជំហរមិនឆ្លើយ មិនឆ្លង មិនឈ្លោះ។

ទោះជាយ៉ាងណា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅក្នុងពិធីចែក សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យន័រតុន នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយថា រូបភាពរបស់តួឯកប្រុសស្រីក្នុងសំឡេងខ្សែអាត់ ដែលបែកធ្លាយតាមប្រព័ន្ធផ្សព្វផ្សាយ និង Facebook កន្លងទៅ ត្រូវបានព្រលានយន្តហោះ និងសណ្ឋាគារនៅក្រុងបាងកក ប្រទេសថៃ ថតទុករួចស្រេចហើយ បើទោះបីជាសាមីខ្លួនមានម្នាក់ «មិនឆ្លើយ មិនឆ្លង មិនឈ្លោះ» និងម្នាក់ទៀតចេញមុខប្រកែកក៏ដោយ។ សម្តេចថា រឿងនេះនឹងមិនស្ងប់ស្ងាត់ទៅវិញទេ ហើយថាយុទ្ធសាស្រ្តមិន៣ (មិនឆ្លើយ មិនឆ្លង មិនឈ្លោះ) ដែលគេប្រើប្រាស់នៅក្នុងសម័យសង្រ្គាមស៊ីវិល នឹងមិនអាចប្រើប្រាស់នៅក្នុងសតវត្សទី២១នេះបានទេ៕

លោក សួន សេរីរដ្ឋា៖ លោក កឹម សុខា គួរលាឈប់ពីនយោបាយ ហើយសុំទោសអ្នកគាំទ្រ ក្រោយបែកធ្លាយរឿងអាស្រូវស្នេហា

Posted by Fresh News on Sunday, March 20, 2016