(កោះកុង)៖ ប្រព័ន្ធលូររំដោះទឹក នៅមុខលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងផ្លូវស្ថិតភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលជួបប្រទះនៅការលិចលង់ នៅក្នុងរដូវវស្សាពិបាក ក្នុងការធ្វើចរាចចេញចូល ត្រូវបានសាងសង់រួច និងត្រូវបានក្រុមការសាងសង់ជួសជុលទីលានផ្នូរយុទ្ធជនខេត្ត ប្រគល់ជូនអាជ្ញាធរក្រុងសម្រាប់គ្រងគ្រងវិញ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះតទៅ។

ការប្រគល់ប្រព័ន្ធលូរ និងរឺហ្កា ជូនអាជ្ញាធរក្រុងគ្រប់គ្រងវិញ ដោយមានការចូលរួមក្រោមវត្តមានលោកវរសេនីយ៍ឯក ប្រាក់ យន្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានក្រុមការងារសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជនខេត្តកោះកុង លោក ទួន ភារម្យ អភិបាលរងក្រុងខេមរភូមិន្ទ លោកចៅសង្កាត់ស្មាច់មានជ័យ មេភូមិ និងប្រជាពលរដ្ឋផងដែរ។

វរសេនីយ៍ឯក ប្រាក់ យន្ត បានឱ្យដឹងថា «ក្រោយពីមានការសំណូមពរពីសំណាក់ប្រជាពលរដ្ឋដែលមានទីលំនៅតាមដងផ្លូវជាប់ទីតាំងផ្នូរសពយុទ្ធជន ដែលកំពុងសាងសង់ សូមឱ្យក្រុមការងារជួយដាក់ប្រព័ន្ធលូរំដោះទឹក នៅរដូវវស្សាឱ្យផងនោះ ដើម្បីប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងស្អាត មានសោភ័ណ្ឌភាពផង នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានដាក់បញ្ជាឱ្យរុមការងារសាងសង់ជួសជុលទីលានផ្នូរយុទ្ធជន ដាក់ប្រព័ន្ធលូរ និងរឺហ្កាជូនទៅតាមសំណូមពររបស់ភ្លាមៗ ព្រោះជិតដល់រដូវវស្សាហើយ ដូច្នេះ ក្រុមការងារត្រូវការស្ថាបនាឱ្យបានលឿនពីព្រោះរដូវវស្សាជិតដល់ហើយ»

លោកបានបន្ថែមថា ក្រោយពីការសាសងស្ថាបនាប្រព័ន្ធលូររំដោះទឹករួចរាល់ហើយ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមានអនុញ្ញាតពីនាយឧត្តមសេនីយ៍ យន្ត មីន ក្រុមការងារបានប្រគល់ទៅឱ្យអាជ្ញាធរក្រុង គ្រប់គ្រងវិញចាប់ពីថ្ងៃនេះតទៅ។

ក្នុងឱកាសលោកវរសេនីយ៍ឯក ប្រាក់ យន្ត បានបង្ហើបឱ្យដឹងថា ការសាងសង់ជួសជុលផ្នូរយុទ្ធជនបានប្រហែល ៦០ភាគរយហើយតែក្នុងឆ្នាំ២០២២ គឺរួចរាល់ក្នុងការសាងសង់។

លោក ទួន ភារម្យ អភិបាលរងក្រុង បានថ្លែងអំណរគុណ និងតំណាងឱ្យប្រជាពលរដ្ឋសូមអរគុណដល់នាយឧត្តមសេនីយ៍ យន្ត មីន លោកវរសេនីយ៍ឯក ប្រាក់ យន្ត មេបញ្ជការរងតំបន់ប្រតិបត្តិការសឹករងកោះកុង ទោះបីមានភារកិច្ច មញាញឹកការងារប្រទេសជាតិ យ៉ាងណាក៏ដោយក៏លោកនៅតែឆ្លៀតពេលវេលា ដើម្បីជួយប្រជាពលរដ្ឋក្នុងការដាក់ប្រព័ន្ធលូររំដោះទឹក នៅតាមដងផ្លូវមុខផ្ទះប្រជាពលរដ្ឋប្រវែង ២៧៥ម៉ែត្រ និងរឺហ្កាចំនួន១២ ប្រជាពលរដ្ឋមានការសប្បាយចិត្តក្រៃលែងក្រោយមានប្រព័ន្ធលូររំដោះទឹកហើយបានធ្វើចរាចចេញចូលលំនៅដ្ឋានបានស្រួលក្នុងរដូវវស្សា៕