(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ខ្មែរ ប៊ែវើរីជីស បានបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៣,០០០កេស បន្ថែមដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ក្រោយទើបបរិច្ចាគ ទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈសរុប ៧,១០០កេស ដើម្បីអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់សម្រាប់ការលះបង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជានេះ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ស្របពេលដែលសង្គមកម្ពុជាបច្ចុប្បន្ន ត្រូវការការរួបរួមគ្នាបែបនេះ ការបន្តឧបត្ថម្ភរបស់ ខ្មែរ ប៊ែវើរីជីស ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នឹងនៅតែបន្តជានិច្ច ដើម្បីជាកម្លាំងចិត្តក្នុងការបន្តបេសកកម្មការពារ និងព្យាបាលពលរដ្ឋខ្មែរទាំងអស់គ្នា»

គួរបញ្ជាក់ផងដែរថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅតែបន្តយ៉ាងសកម្មនៅទូទាំងប្រទេស ក្នុងការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈ ជូនដល់ស្ថាប័នជាច្រើនផ្សេងទៀត ដែលកំពុងបំពេញបេសកកម្មយ៉ាងសស្រាក់សស្រាំក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕