(ភ្នំពេញ)៖ លោក ឯក សំអុល ប្រធានសមាគមមិត្ដភាពកម្ពុជា-ចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលប្រកាន់យ៉ាងខ្ជាប់ នូវគោលនយោបាយចិនតែមួយ។

ការលើកឡើងបែបនេះ របស់លោក ឯក សំអុល បានធ្វើឡើងក្នុងឱកាសចូលរួម ក្នុងកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយ លើពិភពលោក ដែលរៀបចំតាមប្រព័ន្ធវីដេអូអនឡាញ ក្រោមប្រធានបទ «ការបំពេញការងារ ដើម្បីសុភមង្គលប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។

កិច្ចប្រជុំនេះ រៀបចំធ្វើឡើង នាយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដោយមានចូលរួមពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមានការចូលរួមពីលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងថ្នាក់ដឹកនាំនយោបាយជាច្រើនរូប។

លោក ឯក សំអុល បានឲ្យដឹងថា ក្នុងនាមសមាគមមិត្ដភាពកម្ពុជា-ចិន មានសេចក្ដីសប្បាយរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូល បក្សកុម្មុយនិស្តចិន និងបក្សនយោបាយលើពិភពលោក និងសូមចូលរួមអបអរសាទរ ក្នុងឱកាសខួប១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្ដចិន។

ក្នុងនាមសមាគមមិត្ដភាព កម្ពុជា-ចិន លោក ឯក សំអុល សូមប្រកាសគាំទ្រនូវគោលនយោបាយ របស់សម្ដេចតេជោ ហ៊ុន សែន ដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយចិនតែមួយ ដែលសម្ដេចតេជោ បានចាត់ទុកប្រទេសចិន គឺជាមូលដ្ឋានគ្រឹះនៃការកសាង ការពារសន្ដិភាព និងវិបុលភាពជូនប្រជាជន។

បន្ថែមពីនោះទៀត លោក ឯក សំអុល បានលើកឡើងថា ការប្រារព្ធខួប១០០ឆ្នាំ របស់គណបក្សកុម្មុយនីស្ដចិននេះ នឹងនាំមកនូវក្ដីសង្ឃឹមថ្មីៗ បន្ថែមទៀត ជូនដល់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា។

លោក ឯក សំអុល បានលើកឡើងទៀតថា ការចូលរួមកិច្ចប្រជុំនេះ បញ្ជាក់ឲ្យឃើញថា ទំនាក់ទំនង និងសហប្រតិបត្ដិការ រវាងគណបក្សប្រជាជន និងគណបក្សកុម្មុយនីស្ដចិន គឺមានភាពតភ្ជាប់យ៉ាងជិតស្និតបំផុត រវាងថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ និងទំនាក់ទំនងរវាងប្រជាជនចិន និងប្រជាជនកម្ពុជា។

ទន្ទឹមគ្នានេះ លោក ឯក សំអុល សង្ឃឹមថា កិច្ចប្រជុំនេះ នឹងនាំមកទិសដៅក្នុងការរួមគ្នា ការពារនូវសន្ដិភាពនៅលើពិភពលោក និងរួមគ្នាកសាងសហគមន៍ វាសនាមួយជាមួយគ្នា និងរួមគ្នាកសាងវិបុលភាព ជូនប្រជាជនកម្ពុជា និងប្រជាជនចិន ក៏ដូចជាប្រជាជន នៅលើពិភពលោក។

ក្នុងសុន្ទរកថាគន្លឹះ ថ្លែងទៅកាន់កិច្ចប្រជុំ ធ្វើឡើងតាមអនឡាញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យគណបក្សនយោបាយទាំងអស់រួមគ្នា ប្តេជ្ញារក្សាស្ថិរភាពនយោបាយ និងរារាំងឲ្យបានដាច់ខាត នូវការជ្រៀតជ្រែកនយោបាយពីប្រទេសដទៃ។

សម្តេចតេជោ ក្នុងនាមប្រធានគណបក្សប្រជាជន បានសង្កត់ធ្ងន់ថា គណបក្សនយោបាយទាំងអស់ ទោះជាមាននិន្នាការណាក៏ដោយ ត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវឱនក្បាលធ្វើជាឈ្នាន់នយោបាយ និងវិទ្ធង្សនារបស់បរទេស បើទោះបីជាស្ថិតក្រោមរូបភាពណាក៏ដោយ។

ទន្ទឹមនឹងការថ្លែងជំរុញ ឲ្យបណ្តាគណបក្សនយោបាយ លើពិភពលោករួមគ្នា ទប់ស្កាត់ការច្រៀតជ្រែកនយោបាយ ពីមជ្ឈដ្ឋានខាងក្រៅហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការរួមចំណែករបស់ចិន ជួយដល់ការពង្រឹងនូវឯករាជ្យភាពរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយផ្សេងៗផងដែរ។

គូសបញ្ជាក់ថា ប្រទេសចិន បានក្លាយទៅជាប្រទេសជាមិត្តដ៏ធំមួយរបស់កម្ពុជា ដែលបានផ្តល់ជំនួយ និងកម្ចីយ៉ាងច្រើន សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

តាមរយៈជំនួយ និងកម្ចីនេះ បានរួមចំណែកឲ្យកម្ពុជា ពង្រឹងដល់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ជាពិសេសលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថ្នល់ និងស្ពាន ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចជាតិ៕