(ភ្នំពេញ)៖ សន្និសីទកំពូលរវាងគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយលើពិភពលោក រួមទាំងគណបក្សប្រជាជនកម្ពុជាផងដែរនោះ បានស្នើឱ្យមានការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងនូវគុណតម្លៃសន្តិភាព ការអភិវឌ្ឍ សមភាពយុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព។

សំណើនេះ បានធ្វើឡើងនៅក្នុងសន្និសីទដែលបានធ្វើឡើងនៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដែលមានប្រទេសចិនជាម្ចាស់ផ្ទះ។ សន្និសីទដែលធ្វើឡើងក្រោមប្រធានបទ «ការធ្វើការដើម្បីសុភមង្គលប្រជាជន៖ ទំនួលខុសត្រូវរបស់គណបក្សនយោបាយ» នេះ មានការអញ្ជើញចូលរួមដោយគណៈប្រតិភូជាង ១០,០០០នាក់ តំណាងឱ្យគណបក្សនយោបាយ និងអង្គការជាង ៥០០ មកពី ១៦០ប្រទេស។

លោកប្រធានាធិបតី ចិន ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្ដចិន, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាតំណាងគណបក្សនយោបាយនានា សុទ្ធតែបានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសន្និសីទកំពូលនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ក្នុងសន្និសីទកំពូលដ៏មានសារសំខាន់មួយនេះ បានសម្រេចនូវលទ្ធផលសំខាន់ៗចំនួន៣រួមមាន៖

១៖ ស្នើឱ្យគណបក្សនយោបាយនៅតាមបណ្តាប្រទេសទាំងអស់ ប្តេជ្ញាចិត្តក្នុងការកសាងគុណតម្លៃរួមគ្នា រួមមានសន្តិភាព ការអភិវឌ្ឍសមភាពយុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព។

២៖ គណបក្សនយោបាយទាំងអស់ចាំបាច់ត្រូវតែចាត់វិធានការសកម្ម ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ ដើម្បីសម្របសម្រួល គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការសកលលើនវានុវត្តន៍បច្ចេកវិទ្យា និងលើកកម្ពស់ការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យា។

៣៖ គណបក្សនយោបាយមកពីបណ្តាប្រទេសទាំងអស់ ត្រូវប្តេជ្ញាសម្របសម្រួលការផ្លាស់ប្ដូរគ្នា និងការរៀនសូត្រទៅវិញទៅមកលើអរិយធម៌ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដ៏រឹងមាំ ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វប្បធម៌និងសិល្បៈ កីឡា ទេសចរណ៍ និងរវាងស្ថាប័នស្រាវជ្រាវ។

សូមបញ្ជាក់ថា សន្និសីទកំពូលនេះគឺជាកិច្ចប្រជុំជាន់ខ្ពស់បំផុត និងធំជាងគេបំផុតនៃគណបក្សនយោបាយពិភពលោក ដែលបានរៀបចំដោយគណបក្សកុម្មុយនីស្ដចិន ព្រមទាំងបានរៀបចំក្នុងទម្រង់នៃអន្តរកម្មដ៏ ស្និទ្ធស្នាល និងកិច្ចសន្ទនាដ៏ស៊ីជម្រៅ។

សន្និសីទកំពូល នេះមានបំណងពង្រឹងការផ្លាស់ប្ដូរគ្នា និងការរៀនសូត្រទៅវិញទៅមកនូវបទពិសោធនៃអភិបាលកិច្ចរវាងគណបក្សកុម្មុនីស្តចិន និងគណបក្សនយោបាយលើពិភពលោក រួមគ្នាឆ្លើយតបទៅនឹងបញ្ហា ប្រឈមដែលមិនធ្លាប់មានក្នុងរយៈពេល ១សតវត្សកន្លងមកនេះ រួមទាំងជំងឺរាតត្បាតសកលកូវីដ១៩ ជំរុញទស្សនវិទ្យា និងសមត្ថភាពក្នុងការស្វែងរកសុភមង្គលជូនប្រជាជន ជំរុញការអភិវឌ្ឍ និងសន្តិភាពពិភពលោក ព្រមទាំងលើកកម្ពស់ការកសាងសហគមន៍វាសនារួមមួយសម្រាប់មនុស្សជាតិ៕