(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរជាតិព្រះវិហារបានប្រារព្ធពិធីដាំដើមធ្នង់ចំនួន ១១១៣ដើម តាមដងផ្លូវចូលក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងឱកាសអបអរសាទរខួបលើកទី១៣ នៃការចុះប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី សន្តិសុខអភិរក្ស នៃអាជ្ញាធរជាតិព្រះវិហារ សរុបប្រមាណ ៣០រូប។

ការរៀបចំពិធីអបអរសាទរដោយការដាំដើមឈើតាមដងផ្លូវជាតិលេខ៦២ ឆ្ពោះទៅកាន់ប្រាសាទព្រះវិហារក្នុងចម្ងាយផ្លូវ ១៥គីឡូម៉ែត្រនេះ មានគោលបំណងលើកកម្ពស់ទេសភាពតាមដងផ្លូវចូលទៅកាន់ប្រាសាទដើម្បីទាក់ទាញភ្ញៀវទេសចរផង និងដើម្បីបំផុសស្មារតីប្រជាពលរដ្ឋអោយស្រលាញ់បរិស្ថាន ព្រៃឈើ និងធនធានធម្មជាតិ ស្របតាមពាក្យស្លោក “រួមគ្នាថែរក្សាព្រៃឈើ និងធនធានធម្មជាតិ ដើម្បីបេតិកភណ្ឌរបស់យើង”

ការដាំដើមឈើនេះនឹងជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត លើកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន ព្រៃឈើ និងធនធានធម្មជាតិ ដែលអាជ្ញាធរជាតិព្រះវិហារតែងតែងអនុវត្តប្រចាំឆ្នាំក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃ ការពារដំណុះកូនឈើធម្មជាតិ ការដាំកូនឈើឡើងវិញ និងសកម្មភាពទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការឈូសឆាយដីព្រៃជាដើម៕