(ភ្នំពេញ)៖ ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាស្ថិតនៅលើភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ខាងជើងទីក្រុងព្រះវិហារ និងប្រមាណ ២៣០គីឡូម៉ែត្រ ភាគឦសាន នៃក្រុងសៀមរាប និងប្រមាណ៤១៤គីឡូម៉ែត្រ ភាគខាងជើងរាជធានីភ្នំពេញ។

ប្រាសាទព្រះវិហារ គឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១ (សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃ ដោយពួកអាណានិគមបារាំងនៅក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញ ដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិក្រុងទ្បាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ សម្តេច នរោត្តម សីហនុ។

តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ។ ព្រះបាទ សុរិយវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ ។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៦២៥ម៉ែត្រ (ឯកសារបារាំង) រឺ៦១៥ម៉ែត្រ (ឯកសារអង់គ្លេស) ។

ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នកដែលសរសេរសិលាចារឹកហ្នឹង ឈ្មោះហរិ វាហៈ នៅក្នុងរជ្ជកាលព្រះបាទ រាជិន្រ្ទវរ័ន្ម គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨។ គេសរសេរជាភាសាសំស្រ្កឹត និងជាភាសាខ្មែរ។

គេសរសេរថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះ ស្រីសិខៈ រិស្វារៈ មកតាំងមកប្រតិស្ឋនៅទីនេះគឺប្រាសាទព្រះវិហារនេះឯង។ គេសរសេរថា ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់។ លោកមានមហិទ្ធឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត។

ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។

ប្រាសាទព្រះវិហារ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ សម្រេចដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា។

ក្នុងបុព្វហេតុលើកតម្លៃមរតកវប្បធម៌ជាតិ និងការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតទៅអង្គការយូណេស្កូ ឆ្នាំ២០០១ ដើម្បីស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការដាក់ប្រសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺធ្វើឡើងតាមផែនការដែលគ្រោងទុក ដែលជាអាទិភាព នៃគោលនយោបាយបរទេសរបស់កម្ពុជា។

មួយឆ្នាំក្រោយមកអង្គការយូណេស្កូ បានឆ្លើយតបប្រកបដោយភាពវិជ្ជមាន ក្នុងការជួយរៀបចំឯកសារសម្រាប់ដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ នៅឆ្នាំ២០០៦ គណៈកម្មការបេតិកភណ្ឌពិភពលោក បានឯកភាពទទួលយកសំណើរបស់កម្ពុជា ហើយបានបញ្ជូនក្រុមការងារជំនាញបានមកឃើញស្ថានភាពប្រាសាទក្នុងឆ្នាំ២០០៧។

ការដែលអង្គការយូណេស្កូសម្រេចដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាជោគជ័យដ៏មហាសាលរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ បន្ទាប់ពីទាមទារសិទ្ធិក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

ជោគជ័យជាប្រវត្តិសាស្ត្រនេះ បាននាំមកនូវក្តីអំណរសាទរ និងក្តីរំភើបរីករាយឥតឧបមា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា រួមទាំងនៅក្រៅប្រទេសផង បាននាំគ្នាស្រែកជ័យឃោស ដុតទៀនទូងស្គ ប្រគំតន្ត្រីជាដើម។

ទម្រាំនឹងបានដាក់បញ្ចូលប្រាសាទប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានប្រឹងប្រែងតស៊ូមតិជាខ្លាំង ដ្បិតថាការស្នើដាក់ព្រះសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមានការរារាំងពីភាគីថៃ ដែលមានមហិច្ឆតាចង់លេបយកប្រាសាទព្រះវិហារ ដែលគេធ្លាប់គ្រប់គ្រងពីអតីតកាលអស់ជាច្រើនឆ្នាំនោះ។

រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ដែលមានបេសកជនពិសេសដូចជាសម្តេចវិបុលបញ្ញា សុខ អាន បានខិតខំរៀបចំឯកសារ រួមនិងបែបបទជាច្រើនទៀតបំពេញតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ។

ជោគជ័យរបស់កម្ពុជា បាននាំមកនូវភាពឈឺចាប់ជាពន់ពេកសម្រាប់ជនជាតិថៃ។ បន្ទាប់ពីប្រាសាទត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ថៃបានលើកទ័ពចូលមកឈ្លានពានទឹកដីកម្ពុជានៅតំបន់ប្រាសាទព្រះវិហារថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាខេមរបុត្រដែលមានចិត្តមុះមុតក្នុងការការពារជាតិ និងទឹកដីនោះ បានប្រឹងប្រែងតស៊ូទប់ទល់គ្រប់មធ្យោបាយទាំងមធ្យោបាយកម្លាំងប្រដាប់អាវុធ និងមធ្យោបាយច្បាប់អន្តរជាតិ រហូតការពារសម្បត្តិដ៏មានតម្លៃរបស់កម្ពុជានេះមិនឲ្យបាត់បង់នោះឡើយ។

ជោគជ័យមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាលើការតស៊ូមតិលើឆាកអន្តរជាតិនោះ គឺការទាមទារឱ្យតុលាការអន្តរជាតិទីក្រុងឡាអេបកស្រាយឡើងវិញនូវសាលដីកាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ជាលទ្ធផលនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការយុត្តិធម៌អន្តរជាតិបានយល់ស្របតាមសំណើរបស់កម្ពុជា ដោយបានដាក់ចេញនូវវិធានការបន្ទាន់ ដែលតម្រូវឱ្យភាគីទាំងពីរដកទ័ពចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្នទំហំ ១៧,៣គីឡូម៉ែត្រក្រឡា ព្រមទាំងបានឯកភាពទទួលពិនិត្យលើសំណើរបស់កម្ពុជាសូមឲ្យបកស្រាសាលដីកា ឆ្នាំ១៩៦២នេះ។

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌ទីក្រុងឡាអេ បានសម្រេចរក្សាសេចក្តីសម្រេចឆ្នាំ១៩៦២ ដែលប្តឹងដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដោយបញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជារបស់សម្បត្តិរបស់កម្ពុជា។

ការសម្រេចនេះ គឺជោគជ័យដ៏ធំរបស់ជាតិកម្ពុជាទាំងមូល ក្នុងការប្រឹងប្រែងរក្សាឲ្យបាននូវទ្រព្យសម្បត្តិរបស់កម្ពុជាដែលបន្សល់ទុកដោយដូនតា ដូចដែលសម្តេចតេជោ ហ៊ុន សែន តែងតែបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ថា មិនអនុញ្ញាតឱ្យនរណាមកឈ្លានពានយកទឹកដីកម្ពុជាសូម្បីតែមួយមិល្លីម៉ែត្រនោះឡើយ៕