(ភ្នំពេញ)៖ នៅចំពោះមុខលោក ស៊ី ជីនពីង ប្រធានាធិបតីចិន, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍនៅកម្ពុជា រួមទាំងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ជំនួយរបស់ចិននេះ មិនត្រឹមតែជួយដល់ការអភិវឌ្ឍ និងធ្វើឱ្យកម្ពុជាងើបចេញពីភាពក្រីក្រប៉ុណ្ណោះទេ តែក៏បានជួយពង្រឹងដល់ឯករាជ្យភាពរបស់កម្ពុជាផងដែរ។

ការលើកបង្ហាញនូវគុណតម្លៃដ៏ធំធេងនៃជំនួយរបស់ចិនក្នុងការជួយពង្រឹងការអភិវឌ្ឍ និងឯករាជ្យភាព ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានធ្វើក្នុងកិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយនៅលើពិភពលោកនៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដោយមានការចូលរួមពីលោក ស៊ី ជីនពីង និងថ្នាក់ដឹកនាំនយោបាយជាច្រើនលើពិភពលោក ដោយជជែកពីតួនាទីរបស់បក្សនយោបាយក្នុងការកសាងសុខុមាលភាពជូនប្រជាពលរដ្ឋ។

ក្នុងសុន្ទរកថាគន្លឹះថ្លែងទៅកាន់កិច្ចប្រជុំធ្វើឡើងតាមអនឡាញនេះ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យគណបក្សនយោបាយទាំងអស់រួមគ្នាប្តេជ្ញារក្សាស្ថិរភាពនយោបាយ និងរារាំងឱ្យបានដាច់ខាតនូវការជ្រៀតជ្រែកនយោបាយពីប្រទេសដទៃ។ សម្តេចតេជោក្នុងនាមប្រធានគណបក្សប្រជាជន បានសង្កត់ធ្ងន់ថា គណបក្សនយោបាយទាំងអស់ ទោះជាមាននិន្នាការណាក៏ដោយ ត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវឱនក្បាលធ្វើជាឈ្នាន់នយោបាយ និងវិទ្ធង្សនារបស់បរទេស បើទោះបីជាស្ថិតក្រោមរូបភាពណាក៏ដោយ។

ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ក៏បានបង្ហាញនូវក្តីសង្ឃឹមផងដែរថា គណបក្សនយោបាយទាំងអស់អាចបញ្ឈប់បាននូវវប្បធម៌ និងឥរិយាបទច្រណែនឈ្នានីស ចាំតែមើលបំណាំ ចោទប្រកាន់ និងរិះគន់គ្មានមូលដ្ឋានដោយជំនួសមកវិញនូវឥរិយាបថបែបតថភាពនិយម ប្រាកដនិយម និងប្រកាន់ខ្ជាប់នូវស្មារតីនៃការសហការគ្នា ក្នុងការដោះស្រាយរាល់បញ្ហារបស់មនុស្សជាតិទាំងក្នុងក្របខណ្ឌពិភពលោក និងក្នុងប្រទេសនីមួយៗ។

ទន្ទឹមនឹងការថ្លែងជំរុញឱ្យបណ្តាគណបក្សនយោបាយលើពិភពលោករួមគ្នាទប់ស្កាត់ការច្រៀតជ្រែកនយោបាយពីមជ្ឈដ្ឋានខាងក្រៅហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការរួមចំណែករបស់ចិនជួយដល់ការពង្រឹងនូវឯករាជ្យភាពរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយផ្សេងៗផងដែរ។

សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំគួរតែបញ្ជាក់ឱ្យបានច្បាស់ថា ជំនួយរបស់ចិនមកដល់កម្ពុជា មិនគ្រាន់តែជួយទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ។ ក៏ប៉ុន្តែវាបានជួយកម្ពុជាក្នុងការពង្រឹងនូវឯករាជ្យភាពខាងនយោបាយទៀតផង»។

សម្តេចតេជោបន្ថែមថា «វាច្បាស់ណាស់ថា ប្រទេសតូចតាច និងប្រទេសក្រីក្រត្រូវការចាំបាច់នូវឯករាជ្យ និងអធិបតេយ្យភាពចៀសវាងនូវការបង្គាប់បញ្ជា និងការច្រៀតជ្រែកពីខាងក្រៅ។ ក្នុងន័យនេះជំនួយរបស់មិត្តចិន គឺពិតជាជួយទៅដល់ការពង្រឹងនូវឯករាជ្យខាងនយោបាយ ដើរទន្ទឹមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ»

សូមបញ្ជាក់ថា ប្រទេសចិន បានក្លាយទៅជាប្រទេសជាមិត្តដ៏ធំមួយរបស់កម្ពុជា ដែលបានផ្តល់ជំនួយ និងកម្ចីយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ តាមរយៈជំនួយនិងកម្ចីនេះ បានរួមចំណែកឱ្យកម្ពុជាពង្រឹងដល់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ជាពិសេសលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថ្នល់ និងស្ពាន ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ៕