(ភ្នំពេញ)៖ នៅកិច្ចប្រជុំពិសេសរដ្ឋមន្ត្រី ការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ីតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ពីសារសំខាន់ នៃការជំរុញឱ្យវ៉ាក់សាំងបង្ការកូវីដ១៩ ក្លាយជាទំនិញសាធារណៈសកល សម្រាប់ប្រទេសនានាលើពិភពលោក។

កិច្ចប្រជុំពិសេសរដ្ឋមន្ត្រី ការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ត្រូវបានដឹកនាំដោយសហប្រធាន លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-រុស្ស៊ី និង លោក Sergey Lavrov រដ្ឋមន្រ្តីការបរទេសនៃសហព័ន្ធរុស្ស៊ី។ កិច្ចប្រជុំបានផ្តល់នូវឱកាសដើម្បីពិនិត្យនូវសមិទ្ធផលនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ដែលសម្រេចបានក្នុង រយៈពេល២៥ឆ្នាំកន្លងមក និងតាមដានលើលទ្ធផល នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ស្តីពីជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅ កាលពីឆ្នាំមុន។ រដ្ឋមន្រ្តីការបរទេសបានពិភាក្សាអំពីបញ្ហានានា ដែលពាក់ព័ន្ធនឹងនិម្មាបនកម្មតំបន់ និងបានរំលឹកឡើងវិញនូវទស្សនៈរួមគ្នាអំពីសារៈសំខាន់នៃការពង្រីក ទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើបញ្ហាដែលជាក្តីបារម្ភ និងចំណាប់អារម្មណ៍រួម ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីចំណងមិត្តភាពយូរអង្វែងរវាងអាស៊ាន និងរុស្ស៊ី និងអំពីការគាំទ្រយ៉ាងរឹងមាំរបស់រុស្ស៊ីចំពោះមជ្ឈភាពអាស៊ាន ដែលបានឆ្លុះបញ្ចាំងតាមរយៈការចូលរួមយ៉ាងសកម្មរបស់រុស្ស៊ីនៅក្នុងយន្តការនានាដែលដឹកនាំដោយអាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញវ៉ាក់សាំងឱ្យក្លាយជាទំនិញ សាធារណៈសកល និងការចូលរួមរបស់រុស្ស៊ី ជាពិសេសក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រទាំង៥ នៃក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ក្នុងគោលបំណងពន្លឿនដំណើរការនៃ ការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងបង្កើនភាពរឹងមាំ។

លោកឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់រុស្ស៊ីឱ្យបង្កើនការចូលរួមកម្រិតជាន់ខ្ពស់ និងកិច្ចសន្ទនាប្រកបដោយការស្ថាបនា នៅក្នុងក្របខ័ណ្ឌអាស៊ាន សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងផលប្រយោជន៍ទៅវិញទៅមក។ ប្រមុខការទូតកម្ពុជាក៏បានចែករំលែកជាមួយកិច្ចប្រជុំអំពីផែនការស្តារសេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ របស់ប្រទេសកម្ពុជា ដែលនឹងចាប់ផ្ដើមក្នុង រយៈពេលខ្លីខាងមុខនេះ និងបានស្វាគមន៍ការកំណត់របស់ប្រទេសរុស្ស៊ី សម្រាប់ឆ្នាំ ២០២២-២០២៣ ជា «ឆ្នាំនៃវិទ្យាសាស្ត្របច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មអាស៊ាន-រុស្ស៊ី»។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីអាស៊ានបានលើកទឹកចិត្តដល់ ប្រទេសរុស្ស៊ីឱ្យគាំទ្រយន្តការឆ្លើយតបតំបន់ចំពោះជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សាឲ្យបាននូវវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌។ អាស៊ានបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង សម្រាប់ការ ស្ដារឡើងវិញក្រោយជំងឺរាតត្បាតឱ្យបានគ្រប់ជ្រុងជ្រោយ រួមមាន តាមរយៈការពង្រឹងពាណិជ្ជកម្ម និង វិនិយោគ ការគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ ការបើកដំណើរការតភ្ជាប់ និងការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការត្រៀម និងការឆ្លើយតបនឹងជំងឺរាតត្បាត៕