(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បាននាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៦៦គ្រួសារ ក្នុងឃុំសុភាស ស្រុកស្ទឹងត្រង់។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ ដែលកើតឡើងដោយស្មានមិនដល់នេះ បង្កឲ្យមានការខូចខាតដល់លំនៅដ្ឋានបងប្អូន និងបានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយសម្តេចតែងបានចាត់តំណាង ចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក « ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

ជាមួយគ្នានោះដែរលោក អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នអោយបានទ្វេដងជាងមុន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ហើយចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសបម្លែងថ្មីកូវីដ១៩ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត៣យ៉ាង, ការលាងសម្អាតដៃជាប្រចាំ, ការពាក់ម៉ាស់ ឬ ប្រើក្រម៉ា ត្រូវអនុវត្តកាតព្វកិច្ចគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល « ៣ការពារ និង៣កុំ» ឲ្យបានគ្រប់គ្នា។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះនាពេលនោះ ក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស ,ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង, ឃីត ១ និង អាវយឺតចំនួន៤។ ដោយឡែកចំពោះថវិកា ក៏បានផ្តល់ជូន តាមទំហំខូចខាត គឺអ្នកដែលរងការខូចខាតធ្ងន់ ៩គ្រួសារ ផ្តល់ជូនក្នុង ១គ្រួសារចំនួន ៣០០,០០០ រៀល ហើយ អ្នកដែលរងការខូចខាតស្រាល ៥៧គ្រួសារទៀត១គ្រួសារ ទទួលបាន ១០០,០០០ រៀល៕