(ព្រះវិហារ)៖ លោក ជា សែ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំអំណោយសម្ភារ បរិក្ខា ប្រគល់អាជ្ញាធរស្រុករវៀង ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងកើតរីករាលដាលនៅក្នុងសហគមន៍។

នៅក្នុងឱកាសនោះ លោក ជា សែ បានពាំនាំនូវផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូបនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាមូលដ្ឋានជាដើម។

លោក ជា សែ ក៏បានជម្រាបជូនពីស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងតែឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា ដែលបានឆ្លងចូលក្នុងសហគមន៍ ដែលជាហេតុនាំឱ្យមានការប៉ះពាល់ដល់ការរស់នៅ និងការប្រកបមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ទទ្ទឹមនឹងនោះដែរ លោកក៏បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចនៅស្រុករវៀង ត្រូវបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន និងការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩ ជាពិសេសសូមអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ផងដែរថា សម្ភារៈបរិក្ខា ដែលនាំមកប្រគល់ជូននៅពេលនេះរួមមាន៖ ម៉ាសចំនួន ១០០០០ម៉ាស អាល់កុលចំនួន២០០ និង១៨០លីត្រ ឧបករណ៍វាស់កំដៅចំនួន៥ និងថ្នាំព្យាបាលជំងឺកូវីដ១៩ ចំនួន១០០ប្រអប់ ផងដែរ៕