(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចនារាត្រីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ថា សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់សំណើជាថ្មីទៅកាន់រដ្ឋសភា ដើម្បីសុំប្តូរតួនាទីលោក អ៉ឹម សួស្តី ពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទៅជា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនោះបានបញ្ជាក់ទៀត​ថា លិខិតសំណើសុំប្តូរតួនាទីលោក អ៉ឹម សួស្តី នេះ បានដាក់ទៅកាន់រដ្ឋសភារួចហើយនៅល្ងាចថ្ងៃអាទិត្យនេះ។

សូមជំរាបថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំមួយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីពិភាក្សាអំពីសំណើរបស់រាជរដ្ឋាភិបាល ដែលសុំរុះរើគណៈរដ្ឋមន្រ្តី, ហើយនឹងរៀបចំកិច្ចប្រជុំសភាវិសាមញ្ញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ដើម្បីបោះឆ្នោតគាំទ្រ និងផ្តល់សេចក្តីទុកចិត្ត លើការរៀបចំគណៈរដ្ឋមន្រ្តី របស់រាជរដ្ឋាភិបាលកម្ពុជា នេះបើយោងតាមលោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃរដ្ឋសភា ធ្លាប់បានប្រាប់ Fresh News ឱ្យដឹងយ៉ាងដូច្នេះ៕