(ស្វាយរៀង)៖ ក្រុមការងារទីចាត់ការអន្តរវិស័យ នៃសាលាខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានចុះពិនិត្យស្រាវជ្រាវករណីមហាជន បានរិះគន់ចំៗ ដល់អាជ្ញាធរឃុំសំបួរ និងស្រុកស្វាយទាប បណ្តោយឱ្យគេចាក់ដីលុបព្រែកធម្មជាតិ ហើយថែមទាំងសង់សំណង់រឹងមាំធ្វើជាអាហារដ្ឋាននៅចំកណ្តាលព្រែកប្រសូត្រ។

ជាលទ្ធផលក្រោយពីចុះពិនិត្យមើលជាក់ស្ដែងមន្ត្រីជំនាញ បានឱ្យដឹងថា ការពិនិត្យរកឯកសាររួមមាន៖

*ទី១៖ គឺការសាងសង់សំណង់អត់ច្បាប់ នៅក្នុងព្រែកសាធារណរបស់រដ្ឋ អាជ្ញាធរសម្រេចដាក់ឱសានវាទរយៈពេល ៧ថ្ងៃឱ្យម្ចាស់សំណង់រុះរើសំណង់ចេញឱ្យអស់គិតចាប់ពីថ្ងៃប្រកាសនេះតទៅ។

និងទី២៖ ដីមិនទាន់បានចុះបញ្ជី ចំពោះសំណង់នៅលើដី គឺឱ្យផ្អាកការសាងសង់បន្តដោយដីនេះ មិនទាន់បានចុះបញ្ជី ជាលក្ខណៈប្រព័ន្ធ និងមិនទាន់បានកំណត់ព្រំដី កំណត់ចំណីព្រែកប្រសូត្រទំហំ និងការប៉ះពាល់ ដូច្នេះ ម្ចាស់ដីត្រូវរៀបចំឯកសារ សុំចុះបញ្ជីដីធ្លីឱ្យបានស្របច្បាប់ រួចដាក់សំណើសុំធ្វើការអភិវឌ្ឍ ឬអាហារដ្ឋានរមណីដ្ឋានត្រូវដាក់សំណើសុំជាថ្មី តាមឋានានុក្រម អាជ្ញាធរ មន្ទីរ ជំនាញពាក់ព័ន្ធ ដោយមានភ្ជាប់ជាមួយប្លង់មេ «Master Plan» នៃគម្រោងដើម្បីមន្ត្រីជំនាញចុះពិនិត្យបញ្ជូនតាមនីតិវិវី។

ទាក់ទិនករណីនេះដែរ លោក ហេង ចំណូល (ហៅ ប្រុស) ដែលជាម្ចាស់សំណង់ បានយល់ព្រមនិងធ្វើកិច្ចសន្យា រុះរើសំណង់ដែលសង់ក្នុងព្រែកចេញ និងផ្អាកការសាងសង់បណ្តោះអាសន្ន។ ការចុះពិនិត្យករណីខាងលើនេះដែរ គឺមានសមាសភាពមន្ត្រីទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត លោកអភិបាលរងស្រុកស្វាយទាប លោកប្រធានការិយាល័យភូមិបាលស្រុក លោកមេឃុំសំបួរ លោកមេភូមិ មន្ត្រីនគបាលប៉ុស្តិ៍រដ្ឋបាលឃុំ មន្ត្រីនគបាលស្រុកស្វាយទាប និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

គួររំលឹកថាមន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួន នៅខេត្តស្វាយរៀង បានរិះគន់អាជ្ញាធរឃុំសំបួរ និងស្រុកស្វាយទាប ដែលបានបណ្តែតបណ្តោយឱ្យមានការចាក់ដីរំលោភយកដីព្រែកធម្មជាតិ ហើយថែមទាំងសង់សំណង់រឹងមាំធ្វើជាអាហារដ្ឋាននៅចំកណ្តាលព្រែកប្រសូត្រទៀតផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ អភិបាលស្រុកស្វាយទាប លោក ម៉ែន សារ៉ាន់ ឆ្លើយថារឿងហ្នឹងចង់ហួសដែនសមត្ថកិច្ចរបស់ស្រុកហើយ។ការលើកឡើងនេះ បានធ្វើឱ្យអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ១ មកដល់ត្រង់ចំណុចស្ពានប្រសូត្រក្រឡេកមើលហើយហួសចិត្តគ្រប់គ្នា។

ប្រជាពលរដ្ឋបានឱ្យដឹងថា ករណីចាក់ដីលប់ព្រែក និងសង់សំណង់នៅកណ្តាលព្រែកនេះ នៅចំណុចខាងជើងស្ពានប្រសូត្រចម្ងាយ ៧០ម៉ែត្រ ស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប មានម្ចាស់សំណង់ឈ្មោះ ហេង ចំណូល ភេទប្រុស អាយុជាង៤០ឆ្នាំ មុខរបរអាជីវករលក់ជីកសិកម្មនៅភូមិ ឃុំកើតហេតុខាងលើ៕