(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គចិត្តសម្តេចតេជោ (TYDA) នៅល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានទទួលម៉ាស៊ីនឧបករណ៍តេស្តរហ័សរកមេរោគកូវីដ១៩មួយគ្រឿង ដែលអាចធ្វើតេស្តបានចំនួន១០ម៉ឺនតេស្ត ទើបតម្រូវឲ្យ មានការត្រួតពិនិត្យគុណភាពឡើងវិញ។

ម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដខាងលើនេះ ជាឧបករណ៍កំពុងប្រើប្រាស់យ៉ាងច្រើននៅប្រទេសសឹង្ហបុរី ឥណ្ឌូណេស៊ី និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ដែលជាការផ្តល់ជូនពីក្រុមហ៊ុន Rectitude Safety Equipment Co.,Ltd. ជាក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី។

អ្វីដែលកាន់តែពិសេសទៀតនោះ ឧបករណ៍តេស្តនេះធានាសុក្រិតភាព (accuracy) 98%, ទទួលលទ្ធផលរហ័សត្រឹមតែ ២ ឬ៣នាទី, ការធ្វើតេស្តដោយផ្លុំយកខ្យល់ដង្ហើម មានភាពងាយស្រួលមិនមានការរំខាន ឬឈឺចាប់ និងមិនចាំបាច់ត្បាល់ច្រមុះយកសំណាក (មានការឈឺចាប់ ឬរលាកច្រមុះឡើយ)។

ពិធីប្រគល់ និងទទួលបានធ្វើឡើងក្រោមវត្តមាន លោក Lyu Ye តំណាងក្រុមហ៊ុន Rectitude Safety Equipment Co.,Ltd. ប្រចាំប្រទេសកម្ពុជា និងតំណាងគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដោយមានការចូលរួមពីលោក ប៉ែន សុភា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ដែលជាអ្នកបានទំនាក់ទំនងក្រុមហ៊ុន ដើម្បីគៀងគរជំនួយនេះមកជូនក្រុមគ្រូពេទ្យស្ម័គចិត្តសម្តេចតេជោ(TYDA)។

លោក ប៉ែន សុភា បានថ្លែងថា ដោយមើលឃើញក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំលោកបណ្ឌិត ហ៊ុន ម៉ាណែត បាននិងកំពុងចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ យ៉ាងសកម្មទាំងការងារបង្ការ ការថែទាំព្យាបាល និងការងារសន្តិសុខជារួមក្នុងសភាពការណ៍ នៃការឆ្លងសហគមន៍ក្នុងពេលនេះ លោកបានទំនាក់ទំនងក្រុមហ៊ុនឯកជនមួយដែលស្គាល់រាប់អានលោក គឺជាក្រុមហ៊ុនមកពីសឹង្ហបុរី ដើម្បីនាំយកម៉ាស៊ីនឧបករណ៍ តេស្តរហ័សរកមេរោគកូវីដ១៩។ លោកថា ឧបករណ៍នេះ កំពុងប្រើប្រាស់យ៉ាងច្រើននៅប្រទេសសឹង្ហបុរី ឥណ្ឌូណេស៊ី និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់។

លោក ប៉ែន សុភា បានបន្តថា «ឧបករណ៍ម៉ាស៊ីនតេស្តនេះ ផលិតដោយវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី ដោយមានការទទួស្គាល់ប្រើប្រាស់ពីរដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលកំពុងដាក់ប្រើប្រាស់នៅតាមចំណុច ប្រមូលផ្តុំមនុស្សជាច្រើនដូចជា ព្រលានយន្តហោះ ស្ថានីយ៍រថភ្លើង ផ្សារទំនើបជាដើម។ ឧបករណ៍តេស្តនេះធានាសុក្រិតភាព (accuracy) 98%, ទទួលលទ្ធផលរហ័សត្រឹមតែ ២ ឬ៣នាទី, ការធ្វើតេស្តដោយផ្លុំយកខ្យល់ដង្ហើម មានភាពងាយស្រួលមិនមានការរំខាន ឬឈឺចាប់ និងមិនចាំបាច់ត្បាល់ច្រមុះយកសំណាក (មានការឈឺចាប់ ឬរលាកច្រមុះឡើយ)»

ឧបករណ៍ម៉ស៊ីនតេស្តនេះមានតម្លៃដើមប្រហែលមួយម៉ឺនដុល្លារ និងស្បោងសម្រាប់ផ្លុំយកខ្យល់ដង្ហើមមួយតម្លៃ ១ដុល្លា ប្រើសម្រាប់មនុស្សម្នាក់ ហើយម៉ាស៊ីននេះមួយគ្រឿងអាចធ្វើតេស្តបានចំនួន ១០ម៉ឺនតេស្តទើបតម្រូវឲ្យមានការត្រួតពិនិត្យគុណភាពឡើងវិញ។

លោកមានសង្ឃឹមជឿជាក់ថា ម៉ាស៊ីនឧបករណ៍តេស្តរហ័សនេះ នឹងនាំមកនូវជម្រើសថ្មីប្រកបដោយគុណភាព និងប្រសិទ្ធិភាពបន្ថែមទៀត ចូលរួមធ្វើឲ្យបានសម្រេចតាមយុទ្ធសាស្ត្ររបស់សម្តេចសម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំ និងជំរុញការធ្វើតេស្តរហ័សឲ្យបានច្រើន «រកឃើញអ្នកឆ្លងបានឆាប់រហ័ស ទប់ស្កាត់ការឆ្លងបន្តបានរហ័សទាន់ពេល»

លោក Lyu Ye តំណាងក្រុមហ៊ុន Rectitude Safety Equipment Co.,Ltd. ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ «ក្នុងនាមលោកជាប្រធានក្រុមហ៊ុនមួយមកពីប្រទេសសិង្ហបុរី ដែលមករកស៊ីនៅប្រទេសកម្ពុជា ហើយក្នុងស្ថានភាព ប្រទេសកម្ពុជា កំពុងតែផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍ គាត់មិនអាចនៅស្ងៀមបានដែរ។ លោកមានឱកាសជួយប្រទេសកម្ពុជាបាន គឺលោកត្រូវតែជួយតាមរយៈជំនួយនេះ ឧបករណ៍ម៉ាស៊ីននេះ មានលក្ខណៈល្អប្រសើរ ជួយដល់ការធ្វើតេស្តស្វែងរកអ្នកជំងឺកូវីដ១៩ ទាន់ពេលវេលា ធ្វើបានរហ័ស ហើយមានភាពងាយស្រួលគ្រាន់តែផ្លុំខ្យល់ អញ្ចឹងងហើយបានជាលោកយកម៉ាស៊ីននេះផ្តល់ជូនក្រុមគ្រូពេទ្យធីតា ដើម្បីរកអ្នកជំងឺឱ្យបានទាន់ពេលវេលា»