(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត បានសម្រេចបង្កើតកម្មវិធីប្រលងប្រណាំងក្នុងការដាំដុះដំណាំបន្លែបង្កា និងចិញ្ចឹមសត្វ សម្រាប់ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងភូមិ «ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង» ឃុំពង្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការបង្កើតនូវកម្មវិធីនេះ ដើម្បីជំរុញការដាំដុះដំណាំបន្លែបង្កា និងការចិញ្ចឹមសត្វរកចំណូលទ្រទ្រង់ជីវភាពគ្រួសារ។

ភូមិ «ប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង» ជាភូមិឋានបង្កើតថ្មី ដែលជាការរៀបចំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់អតីតយុទ្ធជននៅក្នុងខេត្តពោធិ៍សាត់។ ភូមិឋាននេះ មានផ្ទៃដីជាង ៩០០ហិកតា ដែលជាដីសម្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាលផ្តល់ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់ ៦២៨គ្រួសារ។ ក្នុងមួយគ្រួសារទទួលបានផ្ទៃដីទំហំ ៧០ គុណ ១៥០ម៉ែត្រ សម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវបានគេប្រសិទ្ធនាមជាមាតាមនុស្សធម៌ ក្រោយការគាំទ្រពីសប្បុរសជននានា បានរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនទាំង ៦២៨គ្រួសារនេះផងដែរ។ ក្រៅពីនោះរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ ក៏បានរៀបចំសាងសង់សាលារៀន មណ្ឌលសុខភាព រៀបចំអណ្តូងទឹក រៀបចំផ្លូវ និងតបណ្តាញអគ្គិសនិទៅកាន់ភូមិនេះផងដែរ។

សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានលោកទេសរដ្ឋមន្ត្រី គន់ គីម ជាអគ្គលេខាធិការ និងជាសេនាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងជំរុញដល់ការរៀបចំនេះយ៉ាងសកម្ម និងមមាញឹកជាទីបំផុង។ លោក ម៉ៅ ធនិន ជាប្រតិបត្តិការផ្ទាល់លើការងារនេះ បានយកចិត្តទុកដាក់ខ្ពស់បំផុត បើទោះបីរវល់នឹងការងារចាំបាច់ក្នុងខេត្តយ៉ាងណាក្តី លោកតែងឆ្លៀតចុះទៅពិនិត្យដោយផ្ទាល់នូវការសាងសង់ភូមិឋាននេះឡើយ។

ផ្ទះសម្រាប់អតីតយុទ្ធប្រមាណ ១២៨ខ្នង ត្រូវបានសាងសង់រួចរាល់ ហើយផ្ទះ ៥០ខ្នង ក៏ត្រូវបានធ្វើពិធីប្រគល់ជូនអតីតយុទ្ធជនកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ។ ក្រុមគ្រួសារអតីតយុទ្ធជនជាច្រើនគ្រួសារហើយ បានចូលមករស់នៅក្នុងលំនៅឋាន និងដីជាទីដ៏សែនមនោរម្យក្នុងជីវិតរបស់ពួកគេ ដោយក្តីរីករាយជាទីបំផុត។

លោក ម៉ៅ ធនិន បាននិងកំពុងយកចិត្តទុកដាក់លើការងារសាងសង់ផ្ទះ ឈូសឆាយដី ជួយដាំដុះដំណាំ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ លោក ម៉ៅ ធនិន ក៏បានយកចិត្តទុកដាក់លើការរស់នៅ និងកសាងជីវភាពរបស់អតីតយុទ្ធជនដែលចូលទៅរស់នៅទីនោះផងដែរ។ លោក ម៉ៅ ធនិន បានរៀបចំការឧបត្ថម្ភស្បៀងអាហារជារៀងរាល់ខែដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលចូលទៅរស់នៅក្នុងតំបន់នោះ។

នៅថ្ងៃអាទិត្យ កន្លងទៅនេះ លោកអភិបាលខេត្ត បាននាំយកអំណោយស្បៀងអាហារមួយចំនួនទៅចែកគ្រួសារអតីតយុទ្ធជន ១៥០នាក់ កំពុងរស់នៅទីនោះ។ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម, មី១កេស និងទឹកស៊ីអ៊ីវ ឬទឹកត្រី១យួរ។ ការផ្តល់ជូននេះមានរយៈពេលមួយឆ្នាំពេញ គឺដើម្បីធានាថា ក្រុមគ្រួសារអតីតយុទ្ធជនមិនជួបការខ្វះខាតក្នុងជីវភាព ខណៈពួកគាត់កំពុងមមាញឹកក្នុងការរៀបចំផ្ទះសម្បែង និងដាំដុះដំណាំផ្សេងៗ។

នៅក្នុងពិធីចែកអំណោយនោះ លោក ម៉ៅ ធនិន ក៏បានប្រកាសបង្កើតកម្មវិធីប្រលងប្រណាំងក្នុងការដាំដុះដំណាំ បន្លែបង្កា និងចិញ្ចឹមសត្វសម្រាប់ក្រុមគ្រួសារអតីតយុទ្ធជននៅក្នុងភូមិផងដែរ ដើម្បីជំរុញដល់ការកសាងជីវភាពរបស់អតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរ។

បើតាមលោក ម៉ៅ ធនិន កម្មវិធីប្រឡងប្រណាំងនេះ នឹងធ្វើការបូកសរុបនៅចុងខែ ដោយកំណត់យកជយលាភីពីលេខ១ ដល់លេខ៥ តាមរយៈការផ្តល់ពិន្ទុលើការដាំដុះ ការចិញ្ចឹមសត្វ និងការរៀបចំថែទាំផ្ទះសម្បែងជាដើម។ ដើម្បីគាំទ្រទីផ្សារសម្រាប់បន្លែ និងសត្វរបស់អតីតយុទ្ធជននេះ លោក ម៉ៅ ធនិន ក៏គ្រោងបង្កើតកន្លែងសម្រាប់ទិញបន្លែ និងសត្វដែលដាំដុះ និងចិញ្ចឹមបានទាំងនោះផងដែរ។

នៅចំពោះមុខក្រុមគ្រួសារអតីតយុទ្ធជននាពេលនោះ លោក ម៉ៅ ធនិន ក៏បានរំលឹកពីការយកចិត្តទុកដាក់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាលោកទេសរដ្ឋមន្ត្រី គន់ គីម ដែលតែងតែជំរុញឱ្យរូបលោកចុះមកពិនិត្យឱ្យបានជាប់ជាប្រចាំលើការរស់នៅ និងការកសាងផ្ទះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា។

លោក ម៉ៅ ធនិន ក៏បានណែនាំឱ្យក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវចេះស្រឡាញ់ និងថែទាំផ្ទះសម្បែង ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយផ្ទះសម្បែង និងដីធ្លីនេះ មិនត្រូវលក់នោះឡើយ ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ៕