(ត្បូងឃ្មុំ)៖ គ្រួសារជនងាយរងគ្រោះជនចាស់ជរា និងជនពិការសរុប ២៤០គ្រួសារ នៅស្រុកត្បូងឃ្មុំ និងស្រុកពញ៉ាក្រែក ក្នុងខេត្តត្បូងឃ្មុំ ទទួលបានអំណោយជាគ្រឿង ឧបភោគបរិភោគពីលោក ខាន់ ខុន សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និងជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា ក្រោមកិច្ចសហការ ជាមួយក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត។

ក្នុងឱកាសចែកអំណោយជូនប្រជាពលរដ្ឋខាងលើនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ លោក ខាន់ ខុន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានចុះដោយផ្ទាល់នៅទីកន្លែងដែលរងគ្រោះដោយបាន ចែកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់បានទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់អាហារឡើយ។

លោក ខាន់ ខុន បានថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត និងការរួមសហការរបស់គ្រិស្តបរិស័ទក្នុងប្រទេស និងក្រៅប្រទេស បានបរិច្ចាគចូលរួមជាការអធិដ្ឋាន និងចូលជាថវិកា តាមរយៈលោកផ្ទាល់ក្នុងការចុះជួយដល់ប្រជាជនក្នុងប្រទេសកម្ពុជាទៅតាមលទ្ធភាពដែលមាន ចូលរួមជួយដល់រាជរដ្ឋាភិបាល ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ គឺដើម្បីទប់ស្កាត់ការពារកុំឱ្យមានការរីករាលដាលមេរោគកូវីដ-១៩។

លោក ខាន់ ខុន ក៏បានជំរុញដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមអនុវត្តវិធានការពារ និងកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃឲ្យបាន ញឹកញាប់ជាប្រចាំជាមួយសាប៊ូ ទឹកស្អាត ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃដោយយកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ ពិសេស បរិភោគ អាហារដែលចម្អិនបានឆ្អិនល្អ និងត្រូវពាក់ម៉ាស់ ឬក្រមាពេលចេញក្រៅផ្ទះជាដើម និងចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន ៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ។

សូមបញ្ជាក់ថា គ្រួសារដែលទទួលបានស្រុកត្បូងឃ្មុំចំនួន ១២០ គ្រួសារ និងស្រុកពញ៉ាក្រែកចំនួន ១២០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវផងដែរ៕