(រតនគិរី)៖ មន្ត្រីឧទ្យានុរក្ស ជាទីភ្នាក់ងារដ៏សំខាន់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារនូវសម្បត្តិធនធានធម្មជាតិ មានព្រៃឈើ និងសត្វព្រៃនៅតាមឧទ្យានជាតិ និងតំបន់ព្រៃការពារនានា។ បច្ចុប្បន្នក្រសួងបរិស្ថាន មានមន្ត្រីឧទ្យានុរក្សចំនួន ១,២០០នាក់ ដែលកំពុងឈរជើងការពារនៅតាមតំបន់ការពារធម្មជាតិនានា។

លោក ថុន សុខុន ជាមន្ត្រីឧទ្យានុរក្សមួយរូបក្នុងចំណោមមន្ត្រីឧទ្យានុរក្សជាង ១,២០០នាក់នេះ ដែលកំពុងឈរជើងការពារសម្បត្តិធម្មជាតិនៅឧទ្យានជាតិវើនសៃ-សៀមប៉ាង នៃមន្ទីរបរិស្ថាន ខេត្តរតនគិរី។ លោក សុខុន បានចំណាយពេលវេលា២០ឆ្នាំមកហើយ ក្នុងបុព្វហេតុការពារធនធានធម្មជាតិមួយនេះ ដើម្បីថែរក្សាការពារទុកសម្រាប់អ្នកជំនាន់ក្រោយ។

ក្នុងបេសកកម្មការពារធនធានធម្មជាតិនេះ លោក សុខុន និងក្រុមការងាររបស់លោកជាច្រើនរូបទៀត បានឆ្លងកាត់នូវឧបសគ្គ និងការលំបាកជាច្រើន។ លោក ថុន សុខុន បានរំលឹកយ៉ាងដូច្នេះ «ខ្ញុំបានចូលបម្រើការងារនៅឆ្នាំ២០០០។ បេសកកម្មដំបូងចូលល្បាតនៅឱទ្យានជាតិវីរៈជ័យ រយៈពេល១៥ថ្ងៃ។ បេសកកម្មដំបូង គឺមានការលំបាកមែនទែន ឡើងភ្នំ ចុះភ្នំ ស្ពាយសម្ភារៈ ដាក់សាក់កាដូទម្ងន់ជាង ២០គីឡូក្រាម»។

លោកបន្តថា «អ៊ីចឹងជីវិតដំបូងដែលយើងមិនដែលសោះក្នុងការចូលទៅក្នុងព្រៃដើរឡើងភ្នំ ចុះភ្នំនេះ ខ្ញុំគិតថា កាលណោះខ្ញុំលំបាកមែនទែន។ អ៊ីចឹងជីវិតដំបូងដែលយើងចូលធ្វើការយើង មិនដែលសោះ អ៊ីចឹងពេលដែលខ្ញុំមកវិញ ខ្ញុំថាការងារលំបាករបៀបនេះ ខ្ញុំគឺឈប់...!»។

អ្នកការពារសម្បត្តិធនធានធម្មជាតិរូបនេះ បានរំលឹកថា ការលំបាកនោះ ស្ទើរតែឱ្យរូបលោកបោះបង់ភារកិច្ចនេះ។ តែក្រោយបានជួបជាមួយក្រុមការងារជជែកពីបេសកកម្ម និងនិយាយដល់ភាពចាំបាច់នៃការការពារសម្បត្តិធម្មជាតិនេះទៅ ក៏ធ្វើឱ្យរូបលោកកែប្រែនូវទស្សនៈ ហើយបន្តបេសកកម្មនេះរហូតដល់ពេលបច្ចុប្បន្ន។

លោក សុខុន បានចូលបម្រើការងារជាអ្នកការពារព្រៃ និងសម្បត្តិធម្មជាតិដទៃទៀតតាំងពីអាយុ ២៣ឆ្នាំ មកដល់ពេលនេះលោកមានអាយុ ៤២ឆ្នាំហើយ។ ក្នុងបេសកកម្មរយៈពេល ២០ឆ្នាំកន្លងមកនេះ លោក សុខុន បានជួបនូវអានុស្សាវរីយ៍ក្នុងការងារនេះជាច្រើន ជាពិសេសបានជួប និងឆ្លងកាត់នូវការលំបាកជាច្រើន។

លោក ថុន សុខុន បានរំលឹកឡើងថា៖ «ឧបសគ្គ ភាពលំបាក ខ្ញុំបានឆ្លងកាត់ច្រើនមែនទែន ពិសេសយើងបានប្រឈមនៅពេលមានទឹកជំនន់ ពេលដែលយើងចូលទៅព្រៃមានទឹកជំនន់ទឹកភ្លៀងអីជាដើម។ យើងមានការលំបាកនៅក្នុងការឆ្លងអូរ ហើយយើងដើរឡើងភ្នំ ចុះភ្នំ ក៏មានភាពរអិលខ្លាំង។ អ៊ីចឹងពិបាកមែនទែន»។

លោក ថុន សុខុន រំលឹកអនុស្សាវរីយ៍មួយពេលកំពុងបំពេញការងារ ដោយនាំគ្នាចងអង្រឹងនៅក្នុងអូរ ដោយមិននឹកស្មានថា មានភ្លៀង។ សម្រាប់តែយប់ឡើងមានភ្លៀងធ្លាក់ធ្វើឱ្យទឹកហូរធ្លាក់មកជនលិចសម្ភារៈទៅតាមទឹកអស់។ ទឹកអស់។

«ខ្ញុំគិតថា កាលដែលយើងស្នាក់នៅយប់នៅតាមអូរនេះ គឺមានគ្រោះថ្នាក់មែនទែនពេលខ្លះ។ អ៊ីចឹងខ្ញុំចង់បង្ហាញថាភាពលំបាករបស់យើងគឺអ៊ីចឹង។ ពេលខ្លះយើងក៏ប្រឈមទៅហ្នឹងជំងឺឈឺថ្កាត់មួយចំនួនដូចជាគ្រុនចាញ់ គ្រុនពោះវៀនជាដើម។ អញ្ចឹងពួកយើងធ្លាប់ជួបបញ្ហាប្រទះពេលដែលយើងកំពុងតែធ្វើការល្បាតនៅក្នុងតំបន់»

មន្ត្រីឧទ្យានុរក្សរូបនេះ បានគូសបញ្ជាក់បន្ថែមទៀតថា បេសកកម្មដែលបានជួបប្រទះជាឧបសគ្គនៅពេលដែលលោកបំពេញបេសកកម្មកន្លងមកនេះ គឺមានការលំបាកច្រើនហើយ បានជួបឧបសគ្គដូចជាចងអង្រឹងខែរងារ ដោយដុតភ្លើងពេលខ្លះដេកលក់បាត់ ភ្លើងឆេះខ្លាំងធ្លាប់ឆេះអង្រឹងក៏មាន។ រូបលោក ក៏ធ្លាប់ជួបប្រយុទ្ធសត្វខ្លាឃ្មុំ ធ្លាប់ហែលទឹកឆ្លងអូររយៈពេលពីរថ្ងៃក៏មាន។

បើទោះបីជីវិតជាអ្នកការពារសម្បត្តិធម្មជាតិរយៈពេល២០ឆ្នាំមកនេះ ជួបការលំបាកច្រើនយ៉ាងណាក្តី តែសម្រាប់លោក ថុន សុខុន នៅតែស្រឡាញ់ និងភក្តីភាពជាមួយនឹងការងារមួយនេះ ដើម្បីការពារសម្បត្តិធម្មជាតិរបស់កម្ពុជា ទុកសម្រាប់មនុស្សជំនាន់ក្រោយ។ លោកក៏បានចាត់ទុកការងារនេះ ជាមោទនភាពសម្រាប់រូបលោកផងដែរ។

លោក ថុន សុខុន បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំមានមោទនភាពដែលបានបម្រើការងារជាមន្ត្រីឧទ្យានុរក្ស ជាឆ្មាំព្រៃ ដើម្បីចូលរួមការពារមរតកធនធានធម្មជាតិទុកសម្រាប់កូនចៅយើងជំនាន់ក្រោយ»