(​បាត់ដំបង)៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦នេះ លោក ឡោក ហួរ តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង និងជាប្រធាន ក្រុមការងារថ្នាក់​កណ្តាល​គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ និង​លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំ​អន្លង់វិល និងឃុំរកា បានអញ្ជើញជាគណៈអធិបតីក្នុង​ពីសំណេះសំណាលជាមួយ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុង ឃុំរកា ដែលមានសមាជិក ចូលរួមចំនួន ១០៥២នាក់ ដែលអញ្ជើញមកទាំង០៦ភូមិ ក្នុងឃុំរកា។

លោក ឡោក ហួរ បានប្រាប់ ដល់សមាជិកបក្សថា «មានគណបក្ស ប្រជាជនកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍន៍ ដល់ ប្រជាជនកម្ពុជាគ្រប់រូប ហើយមាន​តែគណបក្ស ប្រជាជនតែមួយគត់ជាអ្នកសង្រ្គោះ និងរំដោះជាតិ ហើយបានកសាង នូវហេដារចនាសម្ពន័្ធ ស្ពានថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីពេទ្យ វត្តអារាម ជាច្រើនជូនដល់ប្រទេសជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស»។ ការថ្លែងបែបនេះ គឺដើម្បីអោយសមាជិក សមាជិការបក្ស​​យល់ច្បាស់ពីគោល​នយោយបាយរបស់ គណបក្សប្រជាជនកម្ពុជាមានយុទ្ធសាស្ត្រ និងការរិះគិតគ្រប់ជ្រុងជ្រោយ គឺរួមសុខទុកជាមួយប្រជាជន មិនចេះរត់ចោលប្រជាជន ពេលដែលប្រជាជន កំពុងជួបការលំបាក មិនចេះដើរតែសន្យា (សន្យាខ្យល់) ដូចគណបក្សដទៃទេ ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ​ក៏បានណែនាំទៅដល់បងប្អូនសមាជិក សមាជិការ និងប្រជាពលរដ្ឋទាំងអស់ឲ្យទៅធ្វើ អត្តសញ្ញាណប័ណ្ណ និងឯកសាផ្សេងៗ​ទៀត ដើម្បីចូលរួម ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នៅ ឆ្នាំ២០១៧ ខាងមុខនេះ និងបានអំពាវនាវឲ្យបងប្អូននាំគ្នាចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បី​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បាននាំយកនូវមួក សុវត្ថិភាពចំនួន ១១២១​មួក និងសម្ភារៈមួយចំនួនទៀត ចែកជូនដល់បង ប្អូនសមាជិក​សមាជិកាទាំងអស់ សរុបថវិកាអស់ ចំនួន ១៦,១៧៥,០០០រៀល ផងដែរ៕