(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណួរជាច្រើនរបស់ អ្នកលេង Facebook បន្ទាប់ពីថ្ងៃម្សិលមិញ ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន បញ្ចេញរូបថតចាស់ៗដែលថតក្នុងទស្សវត្តន៍១៩៧០ មានសំណួរជាច្រើនចោទសួរថា មិនឃើញរូបថតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនបង្ហោះជាមួយនោះ ទើបនៅព្រឹកថ្ងៃអាទិត្យទី២០ ខែមីនាចុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហោះរូបភាពជាច្រើនសន្លឹក​ ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានរៀបរាប់ពីទុក្ខលំបាកវេទនា ភាពខ្លោចផ្សាជាទីបំផុត របស់សម្តេច និងភរិយា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលត្រូវព្រាត់ប្រាសគ្នា និងគ្មានសិទ្ធិសើរភាពអ្វីទាំងអស់ ពោលគឺមានសិទ្ធិសេរីភាព អន់ជាងសត្វឆ្កែ ឬឆ្មាទៅទៀត។

តាមរយៈគេហទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា នៅក្នុងរបប ប៉ុល ពត សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រស់ក្នុងជីវិតជាស្ត្រីមេម៉ាយ​ និងបុរសពោះម៉ាយ ដោយសិទ្ធិរបស់សម្តេចក៏ដូចជាសិទ្ធិ របស់ប្រជាជនកម្ពុជាត្រូវបានពួក ប៉ុល ពត ដកហូតអស់ទៅហើយ។ បើនិយាយឱ្យច្បាស់ជាងនេះសត្វឆ្កែ ឬឆ្មាវាមានសិទ្ធិច្រើនជាងមនុស្ស ព្រោះវាមានសិទ្ធិការពារកូនរបស់វា គ្រាន់បើជាងសម្តេច ដែលគ្មានសិទ្ឋិយកខ្មោចកូនទៅកប់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរយ៉ាងដូច្នេះថា៖

ម្សិលមិញ ក្រោយពេលខ្ញុំបញ្ចេញរូបថតចាស់ៗ ដែលថតក្នុងទស្សវត្តន៍១៩៧០ ខ្ញុំប្រទះឃើញនូវសំនួរមួយ ឬច្រើនជាងមួយ សួរថាមិនឃើញលោកជំទាវ? នេះពិតជាសំនួរដ៏ល្អហើយ គួរតែសួរព្រោះរូបថតទាំងនេះ មិនមានភរិយាខ្ញុំទេ។

វាយដល់ត្រឹមនេះ ខ្ញុំស្រក់ទឹកភ្នែកទៀតហើយ ព្រោះប្រវត្តិខ្ញុំនិងភរិយាខ្ញុំ លំបាកខ្លាំងណាស់ ខ្លោចផ្សាណាស់ ទម្រាំមានដូចសព្វថ្ងៃនេះ។ ក្រោយរៀបការថ្ងៃ៥ មករា១៩៧៦ យើងកម្របានរស់ នៅជួបជុំគ្នាណាស់ សូម្បីតែកូនទី១ខ្ញុំស្លាប់ ក្រោយភរិយាខ្ញុំឆ្លងទន្លេ ក៏ខ្ញុំមិនបានយកសពកូនទៅកប់  និងក៏មិនបាននៅថែទាំភរិយាដែរ។

សិទ្ធិរបស់ខ្ញុំក៏ដូចជាសិទ្ធិ របស់ប្រជាជនកម្ពុជាត្រូវបានពួក ប៉ុល ពត ដកហូតអស់ទៅហើយ។ និយាយឱ្យច្បាស់ជាងនេះសត្វឆ្កែ ឬឆ្មាវាមានសិទ្ធិច្រើនជាងមនុស្ស ព្រោះវាមានសិទ្ធិការពារកូនរបស់វា គ្រាន់បើជាងខ្ញុំ ដែលគ្មានសិទ្ឋិយកខ្មោចកូនទៅកប់។

ថ្ងៃ២០ មិថុនា ១៩៧៧ នៅពេលភរិយាខ្ញុំមានផ្ទៃពោះកូនទី២ ជាង៥ខែ ខ្ញុំត្រូវព្រាត់ពីភរិយាដ៏កំសត់របស់ខ្ញុំ ដើម្បីដឹកនាំការតស៊ូ រំដោះប្រទេសចេញពីរបប ប៉ុល ពត។ ភរិយាខ្ញុំត្រូវរស់នៅ ដោយមានឈ្មោះថាស្រីមេម៉ាយ ព្រោះពួក ប៉ុល ពត បានឃោសនាថា ខ្ញុំស្លាប់បាត់ទៅហើយ។ គាត់ត្រូវរស់នៅជាមួយក្រុមស្ត្រីមេម៉ាយ តាំងពីមានផ្ទៃពោះរហូតដល់ឆ្លងទន្លេ និងរហូតមានការបះបោរ នៅភូមិភាគបូព៌ាទិស។ ហ៊ុន ម៉ាណែត កូនប្រុសខ្ញុំមានឈ្មោះ ថាជាកូនកំព្រាតាំងពីពេលកើត រហូតពេលជួបជាមួយខ្ញុំវិញ នៅថ្ងៃទី ២៤កុម្ភៈ ១៩៧៩ និងបន្តហៅខ្ញុំថាពូ អស់រយៈពេល២ខែក្រោយមកទៀត។

សំរាប់ខ្ញុំ តាំងពីបែកគ្នា ខ្ញុំតែងទទួលព័ត៌មានថាភរិយាជាទីស្រឡាញ់របស់ខ្ញុំ ស្លាប់បាត់ទៅហើយ។ ខ្ញុំរស់នៅប្រៀបដូចជាពោះម៉ាយដែរ ដូចនេះហើយមិនមានរូបថតណាមួយមុនឆ្នាំ១៩៧៩ មានរូបថតខ្ញុំ និងភរិយាថតរួមជាមួយគ្នាទេ សូម្បីតែថ្ងៃរៀបការជាសមូហភាព១៣គូ ក៏មិនមានរូបថតនោះដែរ។

រូបថតដែលខ្ញុំបង្ហាញក្នុងឈុតរៀបការនេះ ជារូបថតដែលថតក្នុងឆ្នាំ១៩៨៨ មិនមែនថតក្នុងពេលរៀបការជំនាន់ ប៉ុល ពតនោះឡើយ។

សុំអរគុណចំពោះម្ចាស់សំណួរ ហើយខ្ញុំត្រៀមឆ្លើយតប ចំពោះសំនួរដែលចង់ដឹងពី ប្រវត្តិរបស់ខ្ញុំនិងភរិយាតទៅទៀត៕