(បន្ទាយមានជ័យ)៖ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងសាគូ បានសហកាជាមួយកម្លាំងយោធាកងពលលេខ៥១ បានចាប់ខ្លួនជនសង្ស័យ២នាក់ ម្នាក់ជាជនជាតិថៃ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាយប់ឈានចូលថ្ងៃទី០២ ខែកក្កដា។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់ ទី១៖ឈ្មោះ ផល សុផាត អាយុ១៨ឆ្នាំ រស់នៅម្តុំវត្តស្រះត្រាច ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទី២៖ឈ្មោះ អាធីត សំថង់ អាយុ៣១ឆ្នាំ ជនជាតិថៃ ស្នាក់នៅជាមួយគ្នា។ ក្នុងនោះសមត្ថកិច្ច ឆែកឆេររកឃើញ ម្សៅក្រាមសថ្លា ចំនួន៧ថង់តូច, ថ្នាំគ្រាប់ពណ៌ក្រហម WY ចំនួន១២គ្រាប់, កាំបិតប៉័ងតោ ០១, កន្ត្រៃ០១ និងទូរស័ព្ទដៃ២គ្រឿង។

ជនសង្ស័យទាំងពីរនាក់បានឆ្លើយប្រាប់ កម្លាំងនគរបាលប៉ុស្តិ៍បឹងសាគូ ពួកគេឈ្មោះ រុន អាយុប្រហែល៣០ឆ្នាំ នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងប៉ុស្តិ៍បឹងសាគូ បញ្ជូនទៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៩១១ ដើម្បីសួរនាំ និងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធី៕