(កំពង់ចាម)៖ ដោយសារតែវិបត្តិ នៃជំងឺកូវីដ១៩ កំពុងតែឆ្លងរាលដាលទៅលើប្រជាពលរដ្ឋជាបន្តបន្ទាប់ ទើបអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យឲ្យបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួន ចាប់ពីខ្លួនឯងម្នាក់ៗ ដើម្បីជៀសវាងការឆ្លងជម្ងឺកូវីដ១៩ ក្នុងគ្រួសារ និងក្នុងសហគមន៍។

ការក្រើនរំលឹកដូច្នេះ លោកអភិបាលខេត្ត បានលើកឡើងនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២១ ខណៈពេលនាំអំណោយផ្ដល់ជូនប្រជាពលរដ្ឋចំនួន ១៦៦គ្រួសារ នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលកំពុងជួបការខ្វះខាតក្នុងជីវភាព។

លោកអភិបាលខេត្ត បានបន្តថា ដោយសារមានការឆ្លងជំងឺកូវីដ១៩ នៅតាមមូលដ្ឋាន ហើយក្នុងតំបន់នោះត្រូវបានបិទខ្ទប់ ដែលធ្វើឱ្យប្រជាពលរដ្ឋយើង មិនអាចធ្វើដំណើរចេញក្រៅ ដើម្បីប្រកបមុខរបរយកមកដោះស្រាយជីវភាពបានហេតុដូច្នេះ ទើបរដ្ឋបាលខេត្តកំពង់ចាម ជាពិសេសមានលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារ និងលោក ហ៊ុន ណេង អនុប្រធានក្រុមទី១ ក្រុមការងារបានខិតខំស្វែងរកជំនួយពីសប្បុរសជននានា ដើម្បីបានជាគ្រឿងឧបភោគ បរិភោគ និងថវិកា យកមកផ្ដល់ជូនប្រជាពលរដ្ឋយើង ទុកដោះស្រាយជីវភាពក្នុងពេលដែលជួបការលំបាកនេះ។

លោកអភិបាលខេត្ត បានលើកឡើងថា កន្លងទៅនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលធំនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ គឺអាជ្ញាធរខេត្តកំពង់ចាមបានខិតខំប្រឹងប្រែងទប់ស្កាត់ ដោយប្រើប្រាស់យន្តការរបៀបរបបធ្វើការ ៤យ៉ាងសំខាន់ៗ ក្នុងនោះមានទី១៖ ការស្រាវជ្រាវរហ័ស, ទី២៖ ការធ្វើតេស្តរហ័ស, ទី៣៖ ការធ្វើចត្តាឡីស័ករហ័ស និងទី៤៖ ការយកមកព្យាបាលរហ័ស។

លោកអភិបាលខេត្តបានបញ្ជាក់ថា យុទ្ធសាស្ត្រទាំង៤នោះ គឺបានដាក់ចេញព្រមគ្នាដោយមានគណៈកម្មការដឹកនាំត្រឹមត្រូវ ដែលអ្នកអនុវត្តន៍នៅក្នុងមូលដ្ឋានមែនតួអង្គ ៤ដូចគ្នាគឺទី១៖ ចៅសង្កាត់និងមេឃុំ, ទី២៖ មេប៉ុស្តិ៍នគរបាល, ទី៣៖ ក្រុមគ្រូពេទ្យ ទី៤៖ គឺប្រធានភូមិ ដែលតួអង្គទាំង ៤នោះដើរតួយ៉ាងសំខាន់ ធ្វើសកម្មភាពជាប្រចាំក្នុងការទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩ ឆ្លងរាលដាលជាទ្រង់ទ្រាយធំ នៅក្នុងសហគមន៍។

ជាមួយគ្នានេះដែរលោកអភិបាលខេត្តបានបន្ថែមថា បើទោះបីជារដ្ឋបាលខេត្តគ្រប់គ្រង និងម្ចាស់ការដោះស្រាយបានយ៉ាងណាក៏ដោយ សូមប្រជាពលរដ្ឋកុំធ្វើប្រហែស និងត្រូវចូលរួមសហការជាមួយអាជ្ញាធរ ដោយត្រូវការពារខ្លួន គឺផ្ដើមចេញពីខ្លួនយើងម្នាក់ៗ គ្រួសារនីមួយៗ និងសហគមន៍របស់យើង ដោយចាំបាច់ត្រូវគោរពអោយបានខ្ជាប់ខ្ជួន ទៅតាមវិធានការ «៣ការពារ និង៣កុំ» ឱ្យបានត្រឹមត្រូវ និងវិធានការផ្សេងៗទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ផងដែរថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ១៦៦គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ៖ ២៥គីឡូក្រាម, ត្រីខកំប៉ុង១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, និងមី ១កេស៕