(បាត់ដំបង)៖ លោក ឡោក ហួរ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមីនា បានប្រាប់ដល់សមាជិកបក្សថា «គណបក្សប្រជាជនគឺមានសន្តិភាព និងការអភិវឌ្ឍន៍ ហើយមានតែគណបក្សប្រជាជនតែមួយគត់ជាអ្នកសង្រ្គោះ និង​រំដោះជាតិ ឲ្យរួចផុតពីរបបខ្មែរក្រហម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយបានកសាង និងអភិវឌ្ឍប្រទេសជាតិពីបាតដៃទទេ ឲ្យមានភាពរីកចំរើនដូចពេលបច្ចុប្បន្ននេះ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស» ។

លោក ឡោក ហួរ តំណាងរាស្ត្រមណ្ឌល បាត់ដំបង បានលើកឡើងបែបនេះខណៈ ដែលលោកអញ្ជើញជាគណៈអធិបតី ក្នុងពីសំណេះសំណាលជាមួយ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុង ឃុំអន្លង់វិល ដែលមានសមាជិកចូលរួម សរុប ចំនួន ១១៦៨ នាក់មកទាំង១០ភូមិ ក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងឱកាសនៃការចុះជួបសំណេះសំណាលនោះ លោក ឡោក ហួរ បានពន្យល់ក្រុមសមាជិក សមាជិកា ឲ្យបានយល់ច្បាស់ពីគោលនយោយបាយរបស់ គណ​បក្សប្រជាជនកម្ពុជា គឺ រួមសុខទុកជាមួយប្រជាជន មិនចេះរត់ចោលប្រជាជន ពេលដែលប្រជាជន កំពុងជួបការលំបាក និងខិតខំការពារសុខសន្តិភាព ដើម្បី ឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ ស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំ អន្លង់វិល និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានណែនាំទៅដល់បងប្អូនសមាជិក សមាជិការ និងប្រជាពលរដ្ឋទាំងអស់ឲ្យទៅធ្វើ អត្តសញ្ញាណប័ណ្ណទាំងអស់គ្នា ដើម្បីចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នៅឆ្នាំ២០១៧ ខាងមុខនេះ និងបានអំពាវនាវឲ្យបងប្អូននាំគ្នាចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅក្នុង កម្រិតទាបបំផុត។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បាននាំយកនូវមួក សុវត្ថិភាពចំនួន ១,២១១មួក និងសម្ភារៈមួយចំនួនទៀត ចែកជូនដល់បង ប្អូនសមាជិក សមាជិកាទាំងអស់ សរុបថវិកាអស់ចំនួន ១៦,៩៣០,០០០រៀលផងដែរ៕