(ភ្នំពេញ)៖ តំណាងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន (CMIC) រួមជាមួយលោក មួង នឿន អភិបាលស្រុកបន្ទាយមាស និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងជូនសហគមន៍ដែលមាន ទទឹង ៦ម៉ែត្រ និងបណ្ដោយ ៧០០ម៉ែត្រ ក្នុងគោលបំណងជួយសម្រួលការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកក្រុមហ៊ុនមួយចំនួនដែលប្រើប្រាស់ផ្លូវនេះ។

ការសាងសង់ផ្លូវបេតុងនេះ គ្រោងនឹងចំណាយទឹកប្រាក់សរុបប្រមាណ ១៣ម៉ឺនដុល្លារ ដែលជាថវិកាទាំងស្រុងរបស់ក្រុមហ៊ុន។

ផ្លូវបេតុងដែលនឹងត្រូវសាងសង់ មានទីតាំងនៅ ភូមិព្រៃតាព្រឹត ឃុំសេ្តចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត នឹងមានលក្ខខណ្ឌរឹងមាំ និងមានផ្ទៃរាបល្អជាងមុន ដែលនឹងជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបានច្រើន ជាពិសេសនៅរដូវវស្សា ដែលស្របតាមគោលនយោបាយរបស់ក្រុមហ៊ុនដែលតែងតែមានការគិតគូរខ្ពស់អំពីសហគមន៍។

លោក ម៉ម ភិរម្យ ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងរដ្ឋាភិបាលរបស់ក្រុមហ៊ុន បាននិយាយថា «នេះជាផ្នែកមួយនៃគម្រោងនៃការអភិវឌ្ឍសហគមន៍របស់ក្រុមហ៊ុន។ យើងខ្ញុំសង្ឃឹមថាផ្លូវនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបុគ្គលិករបស់ក្រុមហ៊ុនដែលបានអាស្រ័យផលលើផ្លូវមួយខ្សែនេះ»

លោក ជុម សារឿន នាយករដ្ឋបាលសាលាស្រុកបន្ទាយមាសបាននិយាយថា «ថ្នាក់ដឹកនាំស្រុកមានការសប្បាយចិត្ដ និងគាំទ្រ អំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនដែលបានធ្វើផ្លូវបេតុងជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រើប្រាស់នៅពេលខាងមុខ។ ផ្លូវនេះនឹងជួយសម្រួលការលំបាកក្នុងការធ្វើដំណើរ និងកាត់បន្ថយការហុយធូលីចូលផ្ទះប្រជាពលរដ្ឋ។ ទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមានភាពកក់ក្ដៅ និងមានការដឹងគុណសម្រាប់អំណោយមួយនេះ»
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលោក ម៉ម ភិរម្យ តាមទូរសព្ទ័លេខ៖ ០៦៩ ៩៩៩ ៣១៦ ឬតាមអ៊ីមែល [email protected]