(ភ្នំពេញ)៖ ក្រុមហ៊ុនដ៏ធំមួយរបស់សិង្ហបុរី ដែលកំពុងវិនិយោគដាំ និងកែច្នៃដំឡូងមីនៅតំបន់ជើងភ្នំ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្តែងការខកចិត្តជាខ្លាំងក្រោយពេលមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដកហូតយកម៉ាស៊ីនតេស្តដីរបស់ខ្លួន ដើម្បីបែងចែកតំបន់បង្កើតទៅជាមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី។ ក្រុមហ៊ុន បានចាត់ទុកទង្វើរបស់មន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺថា ជាកាយវិការបន្ទុចបង្អាក់សកម្មភាពវិនិយោគរបស់ខ្លួន ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល។

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ក្រុមការងារមន្ត្រីជំនាញរដ្ឋបាលព្រៃឈើឱរ៉ាល់ ដឹកនាំដោយលោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានចុះដកហូតម៉ាស៊ីខួងរុករកថ្មកំបោរ និងថ្មអារ ក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន «HLH Agriculture»។

លោក ឈាង តុលា បានលើកឡើងថា ការដកហូតយកម៉ាស៊ីខួងយកថ្មរ៉ែ នៅក្រុមហ៊ុន HLH នេះ ដោយសារចូលទៅធ្វើដោយគ្មានលិខិតអនុញ្ញាតពីក្រសួង។ លោក ឈាង តុលា បានលើកដូច្នេះ «ឥឡូវយើងបានកសាងឯកសារហើយវត្ថុតាងនេះយកមករក្សាទុកនៅត្រពាំងជោ ដើម្បីឱ្យគាត់មកទទួលខុសត្រូវ។ មើលទៅក្នុងការផាកពិន័យអន្តរការណ៍នឹងករណីដែលគាត់មិនព្រមចូលខ្លួនមកទទួលផាកពិន័យទេ»

លោកប្រធានមន្ទីរបន្តថា «យើងនឹងបញ្ជូនសំណុំរឿងទាំងអស់នេះ ទៅតុលាការដើម្បីអនុវត្តទោសគាត់ថែមទៀតលើរឿងផាកពិន័យហ្នឹង។ រឿងប្រគល់ឱ្យយ៉ាងណានៅហ្នឹង គឺយើងអត់ទាន់ទេ យើងកំពុងតែរៀបចំហើយប្រហែលជាស្អែកយើងនឹងជម្រាបជូនគាត់ឱ្យមកទទួលខុសត្រូវ និងការផាកពិន័យ»

ក្រុមហ៊ុន «HLH Agriculture» បានទទួលសិទ្ធិវិនិយោគលើទីតាំងដីខាងលើជិត ១ម៉ឺនហិកតា នាឆ្នាំ២០០៨ ដើម្បីដាំដំឡូងមី និងធ្វើរោងចក្រកែច្នៃដំឡូងមី សម្រាប់នាំចេញទៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនកំពុងដាំ និងនាំចេញម្សៅដំឡូងមីទៅក្រៅប្រទេសចន្លោះពី ១,៥០០តោន ទៅ ២,០០០តោន ហើយជួយផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់រហូតដល់ទៅជាង ៣០០នាក់។

ដោយមើលឃើញពីឆន្ទៈ និងជំហររបស់ក្រុមហ៊ុនក្នុងការប្រែក្លាយតំបន់នោះទៅជាកសិ-ឧស្សាហកម្មដ៏មានសក្តានុពលនោះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចឱ្យក្រុមហ៊ុន ប្រែក្លាយគម្រោងដីសម្បទានសេដ្ឋកិច្ចនេះ ទៅជាការប្រើប្រាស់ចម្រុះនូវដីសម្បទានសេដ្ឋកិច្ចសម្រាប់គម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី។

ក្នុងសេចក្តីសម្រេចនោះ បានបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងសំណើសុំនានា និងការសុំលើកទឹកចិត្ត ក្រុមហ៊ុនត្រូវបន្តធ្វើការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀត តាមសមត្ថកិច្ចរៀងៗខ្លួន ស្របតាមច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានជាធរមាន។

តាមរយៈសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល ក៏បានណែនាំឱ្យបង្កើតគណៈកម្មការ/ក្រុមការងារអន្តរក្រសួងមួយ ដែលស្ថិតនៅក្រោមឆ័ត្រនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជួយសម្របសម្រួល ដោះស្រាយ និងបន្តជំរុញគម្រោងវិនិយោគនេះ ឱ្យសម្រេចបានជោគជ័យ។

តំណាងក្រុមហ៊ុន «H.L.H Agriculture» របស់សិង្ហបុរី លោក លេង ឃាង បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ថា គ្រឿងចក្រដែលក្រុមហ៊ុនយកទៅនោះ ប្រើសម្រាប់តេស្តដី ដើម្បីបែងចែកតំបន់ក្នុងការដាំដុះ ឬវិនិយោគលើទីតាំងដីនោះតែប៉ុណ្ណោះ មិនមែនប្រើក្នុងគោលបំណងធ្វើអាជីវកម្មរ៉ែនោះឡើយ។

លោក លេង ឃាង បានបញ្ជាក់យ៉ាងដូច្នេះ «យើងត្រូវការតេស្តដី តេស្តថ្មនៅទីហ្នឹងទាំងអស់ ដើម្បីធ្វើផែនការមេបង្ហាញទៅ CDC (ក្រុមប្រឹិក្សាអភិវឌ្ឍន៍កម្ពុជា) ព្រោះ CDC ត្រូវកំណត់ទីតាំងណាត្រូវធ្វើអ្វី?»

តំណាងក្រុមហ៊ុនរូបនេះបន្តថា «យើងធ្វើតាម ស.ជ.ណ យើងត្រូវសិក្សា និងរៀបចំផែនការមេ ដើម្បីឱ្យ CDC សម្រេច។ អ៊ីចឹងខាងកសិកម្ម គាត់គិតថា រាល់អ្វីៗទាំងអស់ ត្រូវតែជូនដំណឹង ឬក៏ធ្វើការសហការជាមួយគាត់។ ប៉ុន្តែនេះយើងត្រូវធ្វើតេស្តយកអ្វីផ្សេងៗ ដាក់ទៅ CDC ដល់អ៊ីចឹងគាត់ខឹងយើង»

លោក លេង ឃាង បានលើកឡើងថា ក្រុមហ៊ុន H.L.H បានចូលរួមចំណែកយ៉ាងច្រើនក្នុងការគាំទ្រគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល តាមរយៈការជំរុញលើវិស័យអភិវឌ្ឍន៍កសិកម្ម។ ការវិនិយោគនេះ បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងផ្តល់ការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ។

លោក លេង ឃាង បានបង្ហាញខកចិត្តជាខ្លាំងចំពោះទង្វើរបស់មន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ។ លោកបានលើកឡើងថា ក្នុងនាមជាអាជ្ញាធរទទួលខុសត្រូវលើការងារកសិកម្ម គួរណាស់មន្ត្រីមន្ទីរកសិកម្មជួយគាំទ្រ និងសម្របសម្រួលដល់ដំណើរការវិនិយោគរបស់ក្រុមហ៊ុន។ តែបែរជាទៅបន្ទុចបង្អាក់សកម្មភាពវិនិយោគនេះទៅវិញ ដែលផ្ទុយពីជំហររបស់រាជរដ្ឋាភិបាល ដែលប្រឹងប្រែងទាក់ទាញអ្នកវិនិយោគពីបរទេស គាំទ្រដល់អ្នកវិនិយោគពីបរទេស ដើម្បីជួយអភិវឌ្ឍន៍ដល់សេដ្ឋកិច្ចជាតិ។

លោក លេង ឃាង បានទទូចដល់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ជួយសម្របសម្រួលឱ្យក្រុមហ៊ុនខ្លួន បានធ្វើសកម្មភាពទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល៕