(ភ្នំពេញ)៖ ក្រុមការងារជួយសង្គមរបស់សាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងមានការ មានការចូលរួមពីមន្រ្តីសាលាភូមិន្ទរដ្ឋបាល ចុះសួរសុខទុក្ខ និងនាំយកអំណោយដែលបានទទួលពីគណៈគ្រប់គ្រង ក្រុមប្រឹក្សា សាស្ត្រាចារ្យ សិស្សមន្ត្រី កម្មសិក្សាការី សិក្ខាកាម ព្រមទាំងសប្បុរជននានា ជាស្បៀងអាហារចែកជូនប្រជាពលរដ្ឋចំនួន៥៨គ្រួសារ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងកំឡុងពេលយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្ថិតនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនេះ លោក យក់ ប៊ុនណា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ជូនប្រជាពលរដ្ឋប្រកបដោយក្តីនឹករលឹកព្រមទាំងការគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ ពិសេសក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ ចុះមកជួបដោយផ្ទាល់សួរសុខទុក្ខ និងចែកអំណោយជូនដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត។

ជាមួយគ្នានោះ លោកនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងទាំងអស់ សូមអញ្ជើញរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នាផងដែរ។

លោក យក់ ប៊ុនណា បានថ្លែងអំណរគុណដល់ក្រុមការងារជួយសង្គមនៃសាលាភូមិន្ទរដ្ឋបាល ដែលចូលរួមបាននាំយកអំណោយជាស្បៀងអាហារចែកជូន ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥៨គ្រួសារ ដែលកំពុងរងផលប៉ះពាល់ផ្នែកជីវភាព នាដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ១៩ មិនថារាជធានី ឬនៅតាមបណ្តាខេត្តនោះទេ។

លោកនាយកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលដ៏លំបាកនេះ គឺត្រូវទាមទារឱ្យមានការចូលរួមពីសំណាក់ប្រជាពាលរដ្ឋទាំងអស់គ្នា ដោយត្រូវអនុវត្តន៍តាមវិធានការ ៣កុំ និង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវអត់ធ្មត់ និងគោរពវិធានការបិទខ្ទប់នេះមួយរយៈពេលខ្លី ដើម្បីឆាប់បានត្រឡប់ទៅរកជីវភាពរស់នៅជាធម្មតាដូចមុនវិញ។

បន្ថែមពីនេះលោកក៏បានបញ្ជាក់ប្រាប់ដល់ប្រជាពលរដ្ឋថា ក្នុងថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩៩៩នាក់ និងស្លាប់ចំនួន២៦នាក់ ផងដែរ។

បើតាមលោក សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ថាអំណោយដែលនាំយកមកចែកជូនដល់ប្រជាពលរដ្ឋនាពេលនេះរួមមាន៖ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ពងទា អាល់កុល ១ដបតូច និងសាប៊ូ ព្រមទាំងម៉ាស ផងដែរ៕