(ស្វាយរៀង)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូ CDC បំពេញទស្សនកិច្ចការងារ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់រោងចក្រ របស់ក្រុមហ៊ុន Cart Tire Co., Ltd និងក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd ដោយមានការចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង និងតំណាងក្រសួង ស្ថាប័នប្រចាំការនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ និងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ។

 ក្រុមហ៊ុន Cart Tire Co., Ltd ជាក្រុមហ៊ុនមកពីប្រទេសចិន និងធ្លាប់បានវិនិយោគនៅប្រទេសវៀតណាមតាំងពីឆ្នាំ២០១១ ហើយនៅឆ្នាំ២០២១នេះ ក្រុមហ៊ុនបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បង្កើតរោងចក្រផលិតសំបកកង់យានយន្តក្នុងទុនវិនិយោគប្រមាណ ៣៥០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ៥០ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតការងាររហូតដល់ជាង ៤.០០០កន្លែងជូនដល់ដល់កម្មករនិយោជិត។

ក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd បានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២១ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដោយប្រើប្រាស់វត្ថុធាតុដើមនាំចូល ក្នុងទុន វិនិយោគប្រមាណ ៤៧.៧លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ៣៥ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីន បាវិត ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតការងាររហូតដល់ជាង ២ ០០០កន្លែង។

នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅទីតាំងរោងចក្ររបស់ក្រុមហ៊ុនទាំងពីរនេះ លោក សុខ ចិន្តាសោភា បានសម្តែងការស្វាគមន៍គម្រោងវិនិយោគ របស់ក្រុមហ៊ុនដែលនឹងចូលរួមចំណែក ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

លោកបានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន Cart Tire Co., Ltd ដែលនឹងបញ្ជាទិញកៅស៊ូក្នុងស្រុក ១០០% សម្រាប់ប្រើប្រាស់ជាវត្ថុធាតុដើម ក្នុងការផលិតសំបកកង់យានយន្ត ដោយនៅឆ្នាំទី១ ក្រុមហ៊ុននឹងត្រូវការកៅស៊ូប្រមាណ ៥០ ០០០តោន ហើយនៅឆ្នាំទី៥ តម្រូវការនឹងកើនឡើងរហូតដល់ ១៥០ ០០០តោន ស្មើនឹងប្រមាណ ៤៣%នៃផលិតកម្មកៅស៊ូក្នុងស្រុកសរុបឆ្នាំ២០២០។

ដោយឡែកលោករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd ពិចារណាទិញវត្ថុធាតុដើមក្នុងស្រុក ព្រោះការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកនឹងធ្វើឱ្យក្រុមហ៊ុនអាចនាំចេញដោយបង់ពន្ធក្រោមអត្រា ០% ឬអត្រាទាប។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីក៏បានសំណូមពរក្រុមហ៊ុនទាំងពីរ ធ្វើយ៉ាងណាចៀសវាងឱ្យខាងតែបាននូវផលប៉ះពាល់បរិស្ថាន តាមរយៈការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក៏ដូចជាការធ្វើប្រព្រឹត្តិកម្មសំណល់គ្រប់ប្រភេទ និងសហការជាមួយគ្រប់គ្រឹះស្ថានអប់រំ នៅក្នុងខេត្តស្វាយរៀង ជាពិសេស សាកលវិទ្យាល័យ ស្វាយរៀង និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើម្បីផ្តល់ឱកាសការងារដល់ ក្មួយៗនិស្សិត។

លោករដ្ឋមន្ត្រីបានប្រាប់ឱ្យក្រុមហ៊ុនបានដឹងថា ដើម្បីលើកទឹកចិត្តដល់វិនិយោគិន សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី ដែលនឹងត្រូវគោរពដាក់ ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យ និងពិភាក្សានៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ នឹងផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន តាមរយៈការអនុញ្ញាតឱ្យកាត់កងចំណាយរហូតដល់១៥០% ពីមូលដ្ឋានគិតពន្ធ ចំពោះការចំណាយលើមធ្យោបាយដឹកជញ្ជូន ប្រកបដោយផាសុកភាពដល់កម្មករនិយោជិត, ការសាងសង់កន្លែងស្នាក់នៅ, កន្លែងបរិភោគអាហារ, ឬអាហារដ្ឋានដែលមានតម្លៃសមរម្យ ជាដើម។

តំណាងក្រុមហ៊ុនទាំងពីរ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស CDC និងអាជ្ញាធរដែនដី ដែលបានផ្តល់ការគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានចុះមកពិនិត្យ ទីតាំងរោងចក្រជាក់ស្តែងនាថ្ងៃនេះ។

ជាការឆ្លើយតបនឹងសំណូមពររបស់លោករដ្ឋមន្ត្រី ក្រុមហ៊ុន Cart Tire Co., Ltd បានជម្រាបជូនថា ក្រុមហ៊ុនបានមានកិច្ចសហការល្អជាមួយគ្រឹះស្ថានអប់រំ ក៏ដូចជាសាកលវិទ្យាល័យស្វាយរៀងរួចហើយ ដើម្បីស្វែងរកសិស្ស/និស្សិត ឱ្យមកបម្រើការងារនៅក្នុងរោងចក្រ។

ទន្ទឹមនឹងនេះដែរ តំណាងក្រុមហ៊ុនទាំងពីរបានសម្តែងការស្វាគមន៍សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី និងបានសន្យាថានឹងយកចិត្តទុកដាក់ក្នុងការចាត់វិធានការការពារបរិស្ថាន និងលើកកម្ពស់សុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត។ ជាក់ស្តែង ក្រុមហ៊ុនទាំងពីរបានឱ្យដឹងថា ក្រុមហ៊ុនកំពុងសាងសង់កន្លែងស្នាក់នៅរបស់កម្មករនិយោជិត។

លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណចំពោះតំណាងរដ្ឋបាលខេត្តស្វាយរៀង និងតំណាងក្រសួង ស្ថាប័នដែលប្រចាំការ នៅក្នុងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ ដែលបានចូលរួមក្នុងទស្សនកិច្ចការងារ ដ៏មានសារសំខាន់នេះ ហើយលោករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាបន្តកិច្ចសហការគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួលប្រតិបត្តិការនៃគម្រោងវិនិយោគបច្ចុប្បន្ន សំដៅទាក់ទាញវិនិយោគិនបន្ថែម មកបណ្តាក់ទុននៅកម្ពុជា៕