(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀចំសិក្ខាសាលាដើម្បីពិនិត្យ និងវាយតម្លៃលើ «សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធគាំពារសង្គម» តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម។

សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធគាំពារសង្គមនេះ មាន១០ជំពូក និង៩១មាត្រា មានគោលបំណង ធានាសុខុមាលភាព និងកាត់បន្ថយភាពរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពង្រឹងសន្តិសុខប្រាក់ចំណូល របស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សមភាពសង្គម តាមរយៈការបង្កើត និងគ្រប់គ្រងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាប័ន្ន វឌ្ឍនភាព និងចីរភា។

 លោក រស់ សីលវ៉ា បានថ្លែងថា ជាមួយនឹងទស្សនៈក្នុងការប្រែក្លាយកម្ពុជា ពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលទទួលស្គាល់យ៉ាងមុតមាំ នូវតួនាទីនៃការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម។

លោកបន្ថែមថា ឈរលើស្មារតីធានាសន្តិសុខប្រាក់ចំណូល របស់ប្រជាជនរាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យរយៈពេលវែង សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម គឺការកសាងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើ ដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព។

លោកបញ្ជាក់ថា ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនផ្តល់លទ្ធភាពទទួលបានសេវាការគ្រប់ដណ្តប់ពី កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម សម្រាប់មន្រ្តីសាធារណៈ និងវិស័យឯកជន
ព្រមទាំងប្រជាជន នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រជាពលរដ្ឋ។

លោកឲ្យដឹងទៀថា ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា មានក្រុមប្រឹក្សា-ជាតិគាំពារសង្គម ជាសេនាធិការក្នុងការសម្របសម្រួល និងតម្រង់ទិសគោលនយោបាយ និងជាយុទ្ធសាស្ត្ររួមលើការងាររៀបចំគោល-នយោបាយគាំពារសង្គម រួមជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បានសម្រេចនូវសមិទ្ធផលធំៗ និងថ្មីៗ ជាច្រើនគួរឱ្យកត់សំគាល់ដែលមានដូចជា៖

* ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលទាំងឡាយដែលស្ថិត ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គល ធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ, និងកំពុងរៀបចំដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិត ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការងារនាក្នុងពេលវេលាសមស្របខាងមុខ (ពាក់កណ្តាលឆ្នាំ២០២២)។

* ការដាក់ឱ្យដំណើរការ របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់បុគ្គលនៃវិស័យសាធារណៈ។

* ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលនៃវិស័យសាធារណៈ អតីតមន្រ្តីរាជការ និង អតីតយុទ្ធជន។

* ការអនុវត្តរបបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ។
* ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន។
* ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។
* ការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍។
* ការដាក់ឱ្យដំណើរការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា »ជាដើម។

លើសពីនេះទៀតក្នុងអំឡុងពេលនៃ ការរាតត្បាតជំងឺកូវីដ១៩ រាជរាដ្ឋភិបាលបានដាក់ឱ្យ ការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ១៩»។ ការផ្តល់ការឧបត្ថម្ភប្រចាំខែ ដល់កម្មករនិយោជិត ដែលត្រូវបានព្យូរកិច្ចសន្យាការងារ ដោយសារតែរោងចក្រសហគ្រាសត្រូវផ្អាកសម្មភាព និងនិងការអនុវត្ត «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ២០២១ នាពេលថ្មីៗនេះ។

លោកបញ្ជាក់ថា ការដាក់ដំណើរការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» ជាដើម។ យ៉ាងណាក្តីដើម្បីសម្រេចនូវសក្តានុភាព និងការវឌ្ឍនភាពនៃអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមមួយ ដែលមានភាពរឹងមាំ ប្រសិទ្ធភាព តម្លាភាព និងចីរភាព គឺទាមទារនូវការធ្វើកំណែទម្រង់ជាច្រើនទៀត ដើម្បីឱ្យប្រព័ន្ធមួយនេះ កាន់តែមានលក្ខណៈបន្ស៊ី ប្រមូលផ្តុំ និងពង្រឹងប្រព័ន្ធដែលមានស្រាប់ ក្នុងន័យបង្កើនប្រសិទ្ធភាព តម្លាភាព និងមានសង្គតិភាពរវាងនៃរបប ឬកម្មវិធីជាតិនានាទាំងឡាយ ក្នុងប្រព័ន្ធគាំពារសង្គមទាំងមូល រួមទាំង មុននឹងឈានទៅការពង្រីកវិសាលភាព ដែលនៅតូចចង្អៀតនៅឡើយ។

យោងលើភាពចាំបាច់នៃ ការធ្វើកំណែទម្រង់ប្រព័ន្ធគាំពារសង្គម និងដើម្បីឆ្លើយតបនឹងការរីកចម្រើនយ៉ាងរឹងមាំនៃសង្គម-សេដ្ឋកិច្ចកម្ពុជា, និងសង្គមកិច្ច ក្រុមប្រឹក្សាជាតិគាំពារសង្គម បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «ប្រព័ន្ធគាំពារសង្គម» ដែលជាកម្មវត្ថុនៃការពិនិត្យ និងវាយតម្លៃនាពេលនេះ ក្រោមការសម្របសម្រួល ពីគណៈកម្មាធិការប្រតិបត្តិ និងអគ្គលេខាធិការដ្ឋាន ដែលជាសេនាធិការទាំងក្នុងផ្ទាល់ ក្នុងការសម្របសម្រួលរវាងកម្រិតគោលនយោបាយ និងកម្រិតបច្ចេកទេស៕