(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានថ្លែងថា ការសង្ឃឹមថាជំងឺកូវីដ១៩ ត្រូវផុតរលត់ក្នុងរយៈពេលខ្លីមិនអាចទៅរួចនោះទេ ហើយវាអាចរស់នៅជាមួយមនុស្សដូចជំងឺផ្តាសាយក្នុងរយៈពេលយូរតទៅទៀត។

ថ្លែងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់សំណួរថា៖ «តើព្រឹត្តិការណ៍ ២០កុម្ភៈ អាចបញ្ចប់បានដែរឬទេ»?

សម្តេចបញ្ជាក់បន្ថែមយ៉ាងដូច្នេះ «ការសង្ឃឹមថា ជំងឺកូវីដ១៩ផុតរលត់ វាមិនអាចទៅរួចក្នុងរយៈពេលដ៏ខ្លីនោះទេ ហើយប្រហែលជាវានៅជាមួយយើងក្នុងរយៈពេលយូរ ប្រៀបដូចជាគ្រុនផ្តាសាយធំ ដែលតែងតែកើតសម្រាប់មនុស្ស។ ដូច្នេះ យើងត្រូវតែមានវិធានការខិតខំ ជាមួយនឹងវិធានការថ្មីៗថែមទៀត ដែលនឹងដាក់ជាគោលការណ៍ ឬយុទ្ធសាស្ត្រ ដែលដាក់ជូនសម្រាប់ការអនុវត្តនៅពេលខាងមុខ»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, យុទ្ធសាស្ត្រនោះ គឺបន្តទប់ស្កាត់ការនាំចូលនូវកូវីដបំប្លែងថ្មី Delta ដែលកើតចេញពីឥណ្ឌា ដែលជាមេរោគគ្រោះថ្នាក់បំផុត ខណៈដែលវាធ្វើឲ្យពិភពលោកព្រួយបារម្ភ។ ការទប់ស្កាត់នេះត្រូវអនុវត្តវិធានការមួយចំនួន រួមមាន៖ ពង្រឹងការគ្រប់គ្រងច្រកចេញចូលទាំងព្រំដែនគោក ទឹក និងផ្លូវអាកាស, ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័សនៅតាមព្រំដែន, ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ពង្រឹង និងផ្គត់ផ្គង់មណ្ឌលចត្តាឡីស័ក ឱ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តជាប់ព្រំដែនថៃ, ដាក់ព្យាបាលដាច់ដោយឡែកសម្រាប់អ្នកវិជ្ជមានមេរោគបំប្លែងថ្មី Delta ហើយចត្តាឡីស័កត្រូវធ្វើដល់២១ថ្ងៃ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដាក់ចេញយុទ្ធសាស្ត្រខិតខំរកវិធីព្យាបាលអ្នកជំងឺ ហើយកាត់បន្ថយអ្នកស្លាប់ រហូតឈានទៅដល់គ្មានអ្នកស្លាប់ ដោយអនុវត្តនូវវិធានការមួយចំនួន រួមមាន៖ ស្វះស្វែងរកប្រភពថ្នាំដែលមានប្រសិទ្ធភាព និងតាមពិនិត្យមើលការផ្តល់ថ្នាំ ដែលមានការផ្តល់ខុសគ្នានៅតាមទីតាំងព្យាបាល, រៀបចំមន្ទីរពេទ្យបន្ថែមនៅតាមស្រុក និងបំពាក់សម្ភារៈឱ្យបានគ្រប់គ្រាន់នៅតាមពេទ្យខេត្ត និងស្រុក ជាពិសេសម៉ាស៊ីន ICU, ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម ដើម្បីចូលបម្រើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ត្រូវបញ្ជាទិញសម្ភារៈឱ្យបានឆាប់ និងការដាក់ឱ្យព្យាបាលនៅតាមផ្ទះ៕