(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញវត្តមានជាថ្មី តាមរយៈដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ដែលជាការបញ្ចប់នូវពាក្យចចាមអារ៉ាម បង្កើតឡើងដោយក្រុមប្រឆាំងក្រៅច្បាប់ថា «សម្តេចទទួលមរណភាព»។

ដោយមិនឆ្លើយតបច្រើនចំពោះការបង្កើតពាក្យចចាមអារ៉ាមអសីលធម៌នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅជនទាំងនោះ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងវិញប្រសើរជាង បន្តស្រន់ ឬបង្កើតព័ត៌មានថា សម្តេចទទួលមរណភាព។

ថ្លែងក្នុងកិច្ចប្រជុំពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនចង់ឆ្លើយតបទៅ ប៉ុន្តែខ្ញុំគ្រាន់តែផ្តាំថា កូនក្មួយទាំងឡាយអើយ អ្នកទាំងឡាយអើយ ប្រសិនបើគិតពីការស្លាប់របស់ខ្ញុំ គួរគិតពីសុខភាពខ្លួនឯងវាប្រសើរជាង គឺប្រសិនបើមានការស្លាប់ តើចាំបាច់នឹងលាក់សាកសពរបស់ ហ៊ុន សែន ធ្វើអ្វី?»។

សម្តេចបានបន្ថែមថា «ប្រសិនបើមានការស្លាប់មែននោះ មកដល់ពេលនេះ មានរយៈពេល៧ថ្ងៃបាត់ទៅហើយ ហើយប្រហែលរដ្ឋសភា ក៏ដូចជាព្រះមហាក្សត្រ ព្រះអង្គតែងតាំងនាយករដ្ឋមន្រ្តីថ្មី ដើម្បីនឹងដំណើរការរៀបចំរាជរដ្ឋាភិបាលថ្មីផងដែរ»។

សម្តេចបានផ្តាំទៅក្រុមបំភ្លៃការពិតថា របៀបស្លាប់របស់មេដឹកនាំប្រទេស គឺយ៉ាងហោចណាស់ត្រូវជូនដំណឹងឱ្យប្រជាជនបានដឹង ហើយយ៉ាងហោចណាស់ពិ ធីបុណ្យសពរបស់មេដឹកនាំនេះ ប្រហែលជាមានកងកិត្តិយសច្រើន អមសាកសព ហើយប្រហែលជានាយករដ្ឋមន្រ្តីថ្មី ឬគណៈកម្មការបុណ្យសព អាចរៀបចំឱ្យមានការទម្លាក់ទង់ជាតិពាក់កណ្តាលដងផងដែរ ដែលជាទម្លាប់របស់មេដឹកនាំគ្រប់ប្រទេសផងដែរ៕