(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដោយបើកចំហក្នុងការយកប្រទេសចិនធ្វើជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចមិនខ្វល់ពីការរិះគន់សម្តេចនោះទេ ព្រោះក្រៅពីចិនមិនដឹងទៅពឹងនរណានោះឡើយ ព្រោះប្រទេសខ្លះបានតែសន្យា។

ក្នុងកិច្ចប្រជុំ ក៏ដូចជាការថ្លែងសារពិសេសពាក់ព័ន្ធការដាក់ចេញយុទ្ធសាស្ត្រនានា ដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជានាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការស្វះស្វែងរកទិញវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ គឺជាផែនការយុទ្ធសាស្ត្រចម្បងមួយក្នុងផែនការយុទ្ធសាស្ត្រទាំង៦។

ពាក់ព័ន្ធនឹងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ សម្តេចតេជោ បានរំលឹកពីការដាក់ចេញនូវផែនការយុទ្ធសាស្ត្រមួយចំនួនក្នុងការទិញវ៉ាក់សាំងពីប្រភពនានា។ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរ ពីការបង្វែផែនការក្នុងការរកវ៉ាក់សាំងពីប្រទេសអូស្ត្រាលី និងខូវ៉ាក់ប្រមាណ ១០លានដូស ទៅជាការបញ្ជាទិញពីប្រទេសចិនជំនួសវិញ។

សម្តេចតេជោ បានចាត់ទុកការផ្លាស់ប្តូរផែនការនេះ ជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ បើមិនដូច្នោះកម្ពុជាមិនមានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះឡើយ។

សម្តេចតេជោ បានថ្លែងបញ្ជាក់ដូច្នេះ «បើខ្ញុំកុំចាប់យកយុទ្ធសាស្ត្រនេះ ហើយនៅវិលទៅនេះបន្តិច ទៅនោះបន្តិច។ រង់ចាំបន្តិចម៉ោងស្មាលនេះ បានជាខ្ញុំបង្ហោះតាមហ្វេសប៊ុក សូម្បីតែ២០ម៉ឺននាក់ ក៏មិនចាក់បានផង កុំថាដល់ ៤លាននាក់។ បើគ្មានមិត្តចិត្តទេ កុំថាឡើយចាក់ ៤លាននាក់ ចាក់ ២០ម៉ឺននាក់ក៏មិនបានផង»

បើតាមសម្តេចតេជោ ហ៊ុន សែន មកដល់ពេលនេះកម្ពុជាមានវ៉ាក់សាំងរហូតដល់ទៅជាង ១១លានដូស។ ក្នុងនោះមានវ៉ាក់សាំងតាមយន្តការខូវ៉ាក់តែ ៣២៤,០០០ដូសប៉ុណ្ណោះ ក្រៅពីនោះសុទ្ធតែជាវ៉ាក់សាំងមកពីប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរពីការមកដល់វ៉ាក់សាំងប្រមាណ ៩លានដូសទៀត នៅខែកក្កដា និងខែសីហាខាងមុខនេះ។

ពាក់ព័ន្ធការទិញវ៉ាក់សាំងពីប្រទេសចិននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការរិះគន់មួយចំនួនលើចំណាត់ការរបស់សម្តេចនេះផងដែរ។ សម្រាប់សម្តេច គឺមិនខ្វល់នរណានិយាយយ៉ាងម៉េចចំពោះសម្តេចនោះឡើយ តែសំខាន់សម្តេចរកបានវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «បើមិនឱ្យខ្ញុំពឹងចិន តើឱ្យខ្ញុំទៅពឹងនរណានិយាយមក។ រឿងហ្នឹងវាជាការពិតមិនដឹងត្រូវនិយាយយ៉ាងម៉េច? អ្នកនេះសន្យា អ្នកនោះសន្យា តែទីចុងបំផុតវាមិនមក មានតែរបស់ចិនដែលមក»

ក្នុងសារពិសេសដោយមានការផ្សាយផ្ទាល់តាមបណ្តាញផ្សព្វផ្សាយនានានៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតលើកឡើងពីប្រទេសមួយចំនួនដែលបានសន្យាផ្តល់វ៉ាក់សាំង ១ពាន់លានដូស ២ពាន់លានដូស តែមិនមានវ៉ាក់សាំង។ សម្តេចតេជោ ក៏ឆ្លៀតរំលឹកពីក្រុមហ៊ុន ឬប្រទេសមួយចំនួន ដែលមកទារឱ្យកម្ពុជាកក់លុយ តែអត់មានពេលវេលាច្បាស់លាស់ក្នុងការផ្តល់វ៉ាក់សាំង។

«ត្រូវតែបន្តយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង។ រីឯប្រភពផ្សេងៗទៀត ជាប្រភពគាំទ្រ មិត្តភ័ក្ត្របរទេសអាចយល់ពីចិត្តរបស់កម្ពុជាហើយ។ តិចថាអីបន្តិចចិន អីបន្តិចចិន បើអស់លោកមិនផ្តល់ឱ្យខ្ញុំ ឱ្យខ្ញុំទៅពឹងនរណា»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា បានចំនួនជាង ៤លាននាក់ ស្មើនឹងជាង ៤០ភាគរយនៃផែនការហើយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅពេលវ៉ាក់សាំងមកជាបន្តបន្ទាប់ប្រមាណ ៩លានដូសក្នុងខែកក្កដា និងសីហានេះ នឹងបែកចែកទៅតាមបណ្តាខេត្ត ហើយប្រមូលផ្តុំកម្លាំងចាក់ឱ្យបានលឿន។ សម្តេចតេជោ គ្រោងឱ្យដំណើរការចាក់ប្រជាពលរដ្ឋប្រមាណ ១០លាននាក់ក្នុងផែនការ ឱ្យរួចរាល់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា បន្ទាប់ពីចាក់ប្រជាពលរដ្ឋប្រមាណ ១០លាននាក់នេះរួចរាល់ ត្រូវរៀបចំផែនការ និងគិតគូរលើការចាក់ជូនមនុស្សអាយុក្រោម ១៨ឆ្នាំជាបន្តទៀត។

កម្ពុជា បានក្លាយទៅជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីសិង្ហបុរី ដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ។ កម្ពុជា ក៏ជាប្រទេសក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះលើពិភពលោក ដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន និងលឿនបែបនេះ។

ដំណើរការនេះត្រូវបានគេចាត់ទុកជាជោគជ័យមួយរបស់រាជរដ្ឋាភិបាលកម្ពុជា លើគោលនយោបាយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ប្រទេសចិន ដែលជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា គឹជាបង្អែកដ៏រឹងមាំរបស់កម្ពុជាលើភាពជោគជ័យនេះ តាមរយៈការផ្គត់ផ្គង់វ៉ាក់សាំងបានយ៉ាងលឿន តាមការចង់បានរបស់កម្ពុជា៕