(ស្វាយរៀង)៖ លោក ម៉ឹង សំផន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចន្ទ្រា និងក្រុមការងារ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំទៀនវស្សា និងទេយ្យទានចំនួន១៦វត្ត និងប្រគល់ជូនរដ្ឋបាលស្រុកចន្រ្ទា ដើម្បីចាត់ចែងយកទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា។

ជាមួយគ្នានេះ លោក ម៉ឹង សំផន ក៏បានសំណេះសំណាល និងផ្សព្វផ្សាយផែនការសកម្មភាព សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដល់សមាជិកសមាជិកាគណបក្ស ឃុំទាំង៦ នៃស្រុកចន្ទ្រា ផងដែរ។ ពិធីនេះ បានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំច្រេស ស្រុកចន្ទ្រា ដែលមានការចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារ ចុះជួយឃុំទាំង៦ឃុំ នៃស្រុកចន្រ្ទា និងសមាជិកបក្សជាច្រើនរូបផងដែរ។

លោក ម៉ឹង សំផន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរមានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

នាឱកាសនោះដែរ លោក មុឹង សំផន បានថ្លែងនូវការកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ ចំពោះក្រុមការងារសមាជិក សមាជិកា ក្រុមការងារគណបក្សគ្រប់ថ្នាក់កន្លងមក ដែលបានយកចិត្តទុកដាក់គាំទ្រ និងជំរុញលើកទឹកចិត្តដល់សមាជិកបក្ស ឱ្យមានការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់ ពិសេសការឆ្លើយតបនឹងគុណបំណាច់ និងការផ្តល់សេចក្តីទុកចិត្តជូនបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដែលថ្មីៗនេះប្រឈមនឹងបញ្ហាចំពោះមុខ បានចូលរួមយ៉ាងសកម្មដឹកនាំប្រយុទ្ធទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ការរក្សាសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ បង្កើនបាននូវជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាអ្នកតស៊ូរំដោះប្រជាពលរដ្ឋខ្មែរចេញពីរបប ប៉ុល ពត និងស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ហើយកំពុងបន្តបេសកម្មថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ម៉ឹង សំផន ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំនួន ៣ចំណុចសំខាន់ៗ៖

*ទី១៖ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្តគ្មានអំពើលួចឆក់ប្លន់នៅក្នុងមូលដ្ឋានជាដាច់ខាត
*ទី២៖ ត្រូវគិតគូរដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលកូវីដ១៩ រាលដាលនៅក្នុងសហគមន៍

និងទី៣៖ អាជ្ញាធរដែនដីនិងមន្ត្រីជំនាញបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋនិងផ្សព្វផ្សាយការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការចូលរួមទប់ស្កាត់បង្ការជំងឺកូវីដ១៩ មិនឱ្យមានការចម្លងថ្មី ជាពិសេសត្រូវអនុវត្តនូវវិធានការពារ របស់សម្ដេចតេជោហ៊ុន សែន គឺ «៣ការពារ និង៣កុំ» បើមិនចាប់បាច់កុំចេញក្រៅផ្ទះ និងត្រូវរៀនរស់នៅតាមបែបគន្លងថ្មីជាដើម។

បន្ថែមពីនេះ លោក ម៉ឹង សំផន និងក្រុមការងារ បាននាំមកនូវទៀនវស្សា ទេយ្យទាន និងបច្ច័យសម្រាប់វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាទាំង ១៦វត្ត ទូទាំងស្រុកចន្ទ្រា ដែលក្នុងមួយវត្តទទួលបាន ទៀន១គូ ប្រេង ៣០លីត្រ អង្ករ ២០០ គីឡូក្រាម មី ០៥កេស ត្រីខ ០១កេសធំ ម៉ាស ១០ប្រអប់។ ថវិកាសម្រាប់ប្រគេនតាមវត្តទាំង១៦ ចំនួនសរុប២១,០០០,០០០រៀល។

ព្រមទាំងបានឧបត្ថម្ភដល់គ្រួសារក្រីក្រ ចំនួន ៦គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកា ១០០,០០០ រៀល។ ដោយឡែក ១គ្រួសារទីទ័លក្រ នៅឃុំមេសរថ្ងក ទទួលបានអង្ករ ៣០០គីឡូក្រាម និង មី៥កេស ដែលចំណាយថវិកានៅក្នុងពិធីនេះសរុប ៣២,២៨០,០០០រៀល៕