(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានថ្លែងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលទទួលថវិកា ដែលជាព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចម៉ែ ក៏ដូចជាសប្បុរសជន ជនរួមជាតិខ្មែរ រួមទាំងការបរិច្ចាគប្រាប់បៀវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានចំនួនជាង១៣០លានដុល្លារ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកក្កដានេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ក្នុងរយៈពេលកន្លងទៅនេះ ចំណូលដែលបានមកពីព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងសម្តេចហ្លួងម៉ែ ក៏ដូចជាការឧបត្ថម្ភរបស់សប្បុរសជន បងប្អូនជនរួមជាតិមានរហូតដល់ ១២២ ២៣៦ ៥៧៥ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះជំនួយលើកទី១ គឺមាន១០ ៨៥៣ ៤៨៨ដុល្លារ, លើកទី២ ចំនួន ៣៣ ៧៣៤ ៨៣០ដុល្លារ លើកទី៣ គឺការទិញវ៉ាក់សាំងចំនួន ៥៧ ២៤៨ ០៥៧ ដុល្លារ លើកទី៤ គឺទិញមន្ទីរពេទ្យហ្លួងម៉ែ ចំនួន១៥ ៤០០ ៣០០ដុល្លារ និងលើកចុងក្រោយសម្រាប់ទិញឧបករណ៍តេស្តរហ័ស ៥ ០៥០ ០០០ដុល្លារ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ក្រៅតែពីមានការចូលរួមបរិច្ចាគ របស់សប្បុរសជនហើយនោះ ក៏មានការបរិច្ចាគជាប្រាក់បៀវត្ស របស់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលមានទឹកប្រាក់ទទួលបានជាប្រាក់រៀលចំនួនជាង៥០ពាន់លានរៀល ដែលស្មើនឹងប្រមាណជាង១២លានដុល្លារអាមេរិក។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា «បើយើងគិតទាំងការបរិច្ចាគពីព្រះមហាក្សត្រ សម្តេចហ្លួងម៉ែ ពីព្រះសង្ឃ ពីសប្បុរសជន ពីបងប្អូនជនរួមជាតិ ពីសំណាក់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទទួលបានថវិកាប្រមាណជាង១៣០លានដុល្លារសហរដ្ឋអាមេរិក នេះជាទឹកចិត្តដែលធ្វើឲ្យយើងបង្កើត បានជាចលនាជាតិប្រឆាំងនឹងកូវីដ១៩»

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមឧបត្ថម្ភរបស់សប្បុរសជន ជនរួមជាតិជាការរួមចំណែកដ៏ធំ សម្រាប់សេចក្តីសុខរបស់ប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដែលចាប់ផ្តើមតាំងពីព្រះមហាក្សត្រ ហ្លួងម៉ែ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលខ្មែរ ដែលជាសប្បុរសជន៕