(កំពង់ឆ្នាំង)៖ ផ្លូវលំមួយខ្សែចេញពីថ្នល់ជាតិលេខ៥ នៅចំណុចភូមិត្រពាំងចាន់ ចុះមកភូមិយុគន្ធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលបានរងការខូចខាតដោយទឹកភ្លៀងនិងទឹក ជំនន់ត្រូវបានអាជ្ញាធរឃុំឆ្នុកទ្រូ រៀបចំជួសជុលឡើងវិញ ដោយបានការឧបត្ថម្ភពីសប្បុរសជននានា។

លោក សាំង គីមស៊ន មេឃុំឆ្នុកទ្រូ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែកក្កដាថា ផ្លូវមួយខ្សែចេញពីផ្លូវជាតិលេខ៥ មកកាន់ភូមិយុគន្ធរ មានប្រវែង៦គីឡូម៉ែត្រ ដែលបានកសាងដោយលោកស្រី សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ មកដល់បច្ចុប្បន្ន បានរងការខូចខាតដោយកន្លែង ប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរ ហេតុនេះហើយលោកបានឯកភាពជាមួយក្រុមប្រឹក្សាឃុំ រៀបចំជួសជុលផ្លូវនេះឡើងវិញ ដោយប្រើថវិកាបានពីការកៀងគរពីសប្បុរជន និងថវិកាតម្កល់របស់ឃុំខ្លះ ដោយបានប៉ុណ្ណាធ្វើប៉ុណ្ណឹង ម្ដងបន្តិចៗជាជំហានៗ។ យ៉ាងនេះក្តីលោកប្ដេជ្ញាធ្វើហើយក្នុងរយៈពេល១៥ថ្ងៃ។

ក្នុងឱកាសនោះដែរលោក យឹម សារិន អភិបាលស្រុកបរិបូណ៌ សូមថ្លែងអំណរគុណដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ដែលបានយកចិត្តទុកដាក់កសាងជួសជុលផ្លូវនេះឡើងវិញ ព្រោះផ្លូវមួយខ្សែនេះមានសារសំខាន់ខ្លាំងណាស់ស ម្រាប់ប្រជាពលរដ្ឋ បន្លាស់ទីផ្ទះបណ្ដែតទឹកមករស់នៅលើគោក ក្នុងភូមិយុគន្ធរ ហើយថ្ងៃនេះផងដែរ ក្នុងនាមអាជ្ញាធរស្រុកសូមចូលរួមថវិកាចំនួន៥០ម៉ឺនរៀល សម្រាប់ថ្លៃប្រេងចាក់រថយន្ត និងគ្រឿងចក្រជួសជុលផ្លូវមួយខ្សែនេះ។

សូមបញ្ជាក់ថា ផ្លូវមួយខ្យែនេះបានតភ្ជាប់ពីផ្លូវជាតិលេខ៥ ចុះមកដល់មាត់ទន្លេ ដែលមានប្រជាពលរដ្ឋច្រើនភូមិមាន ភូមិត្រពាំងចាន់ ភូមិពន្លៃ ភូមិយុគន្ឋ និងភូមិឆ្នុកទ្រូ ជាដើម បានប្រើប្រាស់ផ្លូវនេះ ក្នុងការដឹកជញ្ជូនកសិផលពីចំកា រ និងផលនេសាទទៅកាន់ទីផ្សារផងដែរ ដែលកាលដើមឡើយជាផ្លូវរទេះ លុះក្រោយមកបានកសាងដោយអគ្គនាយិការក្រុមហ៊ុន ហេងអភិវឌ្ឍន៍៕