(ភ្នំពេញ)៖ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហម និងជាអភិបាលខណ្ឌចំការមន បាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហម មកចែកជូនដល់ប្រជាពលរដ្ឋ ចំនួន១៥គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះសម្បែង ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្នុងឱកាសចែកអំណោយនេះដែរ លោក ថេង សុថុល បានចូលរួមសម្តែងនូវការសោកស្តាយជាមួយប្រជាពរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យ និងបាននាំយកការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ដែលតែងតែជួយឈឺឆ្អាល និងជួយសំរាលទុក្ខលំបាកប្រជាពលរដ្ឋដែលកំពុងរងគ្រោះថ្នាក់ផ្សេងៗ។

លោក ថេង សុថុល បានបញ្ជាក់ជូនប្រជាពលរដ្ឋ អំពីការខិតខំជួយសង្គ្រោះរបស់កម្លាំងអាជ្ញាធរមូលដ្ឋាន នៅពេលដែលមានអគ្គីភ័យកេីតឡេីងភ្លាមៗផងដែរ តែដោយសារស្ថានភាពផ្លូវតូចចង្អៀតដែលមិនអាចអោយរថយន្តពន្លត់បានចូលដល់ទីតាំងទាន់ពេលវេលា ។

ជាមួយគ្នានោះ លោក ថេង សុថុល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបេីមានការខ្វះខាតស្បៀងត្រូវទាក់ទងមកតាមប្រធានភូមិ រឺចៅសង្កា ត់ដេីម្បីបានជួយសង្គ្រោះបន្ថែមទៀត។

ប្រធានអនុសាខាសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ក៏បានណែនាំឱ្យលោកចៅសង្កាត់ មេប៉ុស្តិ៍ ជួយសម្រួលរាល់ឯកសារពាក់ព័ន្ធ ដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីឱ្យប្រជាពលរដ្ឋ មានឱកាស ដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត។

ក្នុងនោះដែរ ប្រធានអនុសាខាបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែរ ងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើង ការពារកុំឱ្យមានអគ្គីភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា «ស៊ូលិចទូកកណ្តាលទន្លេ កុំអោយភ្លើងឆេះផ្ទះ»។

គួរបញ្ជាក់ថា កាលពីរសៀលម៉ោង១៧៖១០នាទីល្ងាចមានករណីអគ្គីភ័យកេីតឡេីង នៅចំណុចផ្លូវលេខ១០៥ ភូមិ៤ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន តំបន់មិនរៀបរយដែលត្រូវជនវិកលចរិកម្នាក់ លួចដុតបណ្តាលឱ្យខូចខាតផ្ទះ១ខ្នង និង៦បន្ទប់។

ភ្លាមៗក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើនេះ អាជ្ញាធរបានប្រេីប្រាស់រថយន្តបង្ការ និងពន្លត់អគ្គីភ័យចំនួន១៩គ្រឿងក្នុងនោះរួមមាន៖ ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន០៥គ្រឿងក្រសួងមហាផ្ទៃ ចំនួន០១គ្រឿង
ហើយប្រើប្រាស់ទឹកអស់ ចំនួន០៣ឡាន។

របាយការណ៍សរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការ ប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់អគ្គស្នងការនគរបាលជាតិបានអោយដឹងថាមានហេតុការណ៍អគ្គិភ័យកើតឡើង ៤០៥/៦៩១លើក ថយ ២៨៦លើក ស្លាប់១០/១១នាក់ របួស៣០/២៨នាក់ ឆេះតូប ៨៥តូប ឆេះផ្ទះ៣២៣ខ្នង។ ហេតុការណ៍នេះ ត្រូវបានក្រុមពន្លត់អគ្គិភ័យចេញអន្តរាគមន៍ ទប់ស្កាត់ការ ឆេះរាលដាលបាន២២៩លើក ស្របពេល១៧៦លើកទៀត ត្រូវបានអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហការគ្នាពន្លត់អគ្គិភ័យបឋមបានទាន់ពេលវេលា៕